(កំពង់ឆ្នាំង)៖ សង្ក្រាន្តក្នុងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋយុវជន និងភ្ញៀវទេសចរ មកចូលរួមលេងកម្សាន្ត នៅកំពង់ឆ្នាំង ប្រមាណ១១ ម៉ឺននាក់។
ខណៈនៅថ្ងៃចូលឆ្នាំទី៣ និងទី៤សង្ឃឹមថា មានអ្នកមកចូលរួមកាន់តែច្រើន។
នេះបើតាមលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។
លោកអភិបាលខេត្តបានឱ្យដឹងថា នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ រហូតដល់ជាង១១ម៉ឺននាក់ ។
ដោយទឹកមុខពួកគាត់ពោរពេញដោយក្តីសប្បាយរីករាយ បង្ហាញពីសេចក្ដីសុខពេញបេះដូង ចំពោះការរៀបចំសង្ក្រាន្តខេត្តកំពង់ឆ្នាំងឆ្នាំនេះ។
នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ប្រជាពលរដ្ឋ និងយុវជនយើងប្រមាណជាង១១ម៉ឺននាក់ ។
បានមកចូលរួមលេងកម្សាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំយ៉ាងកក្រើកនៅតំបន់ត្រជាក់ វិមានឯករាជ្យ និងមុខសាលាខេត្តកំពង់ឆ្នាំង ជាមួយថ្នាក់ដឹកនាំ រួមនឹងស្នូរសំឡេងភ្លេងកន្ត្រាក់អារម្មណ៍ ការរាំរែកកម្សាន្ត សប្បាយរីករាយ និងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទផងដែរ។
-ពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ឆ្នាំ រយៈពេលពីរថ្ងៃមកនេះ ប្រជាពលរដ្ឋ និងយុវជនបាននាំគ្នាលេងកម្សាន្តយ៉ាងសប្បាយរីករាយដោយគ្មានព្រួយបារម្ភអ្វីឡើយ។
ដោយសារកត្តាសុខសន្តិភាពពេញលេញបរិបូណ៌ សន្តិសុខរៀបចំបានយ៉ាងរឹងមាំ មានទំនុកចិត្តខ្ពស់ ដោយសង្ឃឹមយ៉ាងមុតមាំចំពោះសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការគ្រប់គ្រងរបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង៕