ការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធរវាងកងកម្លាំង របបសឹកមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។
នៅតែបន្តផ្ទុះឡើងសាជាថ្មីនៅក្បែរទីក្រុងដ៏សំខាន់មួយ ស្ថិតនៅជាប់ព្រំដែនថៃ នៅថ្ងៃសៅរ៍ ទី២០ ខែមេសានេះ ក្រោយស្ងប់ស្ងាត់បានមួយសប្ដាហ៍។
ការវាយប្រយុទ្ធគ្នា បានផ្ទុះឡើងនៅជុំវិញទីក្រុង Myawaddy របស់មីយ៉ាន់ម៉ា ស្ថិតនៅជាប់ព្រំដែនថៃ កាលពីដើមខែមេសានេះ ។
ហើយកងកម្លាំងរបបសឹកបានដកថយចេញពី ទីក្រុងនេះ។
ភាពស្ងប់ស្ងាត់មានរយៈពេលត្រឹមតែមួយសប្ដាហ៍ ដោយមិនមានសេចក្ដីរាយការណ៍ ពីការវាយប្រយុទ្ធគ្នាទេ បើទោះជាអាស៊ានចេញសេចក្ដីថ្លែងការណ៍បង្ហាញពី ការព្រួយបារម្ភ ពីស្ថានការណ៍នៅមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី១៩ ខែមេសា កន្លងទៅក៏ដោយ។
អំឡុងការប៉ះទង្គិចគ្នា កាលពីដើមខែ ទាហានរបបសឹក មួយចំនួនបានរត់ទៅជ្រកកោននៅក្រោមស្ពានមួយ ដែលតភ្ជាប់ទីក្រុង Myadwaddy ទៅកាន់ទីក្រុង Mae Sot របស់ថៃ។ នេះបើតាមក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU)។
អ្នកនាំពាក្យ KNU ម្នាក់បានបញ្ជាក់ប្រាប់ AFP ថាកងកម្លាំងរបស់ខ្លួនកំពុង វាយប្រយុទ្ធគ្នាជាមួយកងកម្លាំងរបបសឹកក្នុងទីក្រុង Myawaddy ពិតមែន តែមិនបានបញ្ជាក់អ្វីលម្អិតឡើយ។
រហូតដល់ព្រឹកថ្ងៃសៅរ៍នេះ អង្គភាពយោធាថៃ មួយឈរជើង នៅជាប់ព្រំដែនមីយ៉ាន់ម៉ា ។
បានអះអាងថា ការវាយប្រយុទ្ធគ្នា កំពុងកើតឡើង ដោយកងកម្លាំងមួយក្រុម កំពុងវាយប្រហារលើកងកម្លាំងរបបសឹក ដែលកំពុងជ្រកកោន នៅក្រោមស្ពាន។
គួរបញ្ជាក់ថា Myawaddy គឺជាទីក្រុងពាណិជ្ជកម្ម ដ៏សំខាន់មួយសម្រាប់របបសឹកមីយ៉ាន់ម៉ា ដែលមានទំហំពាណិជ្ជកម្ម ១.១ពាន់លានដុល្លារ ឆ្លងកាត់ក្នុងរយៈពេល១២ខែ គិតត្រឹមខែមេសានេះ៕