(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចេញសេចក្តីណែនាំ ស្តីពីវិធានការនិងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកទទួលទាន។ ដោយសារកត្តាប្រែប្រួលធាតុអាកាស ។
បច្ចុប្បន្ន កម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនក្នុងតំបន់បាននឹងកំពុងទទួលរង នូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតអែលនីណូ (El Nino) ។
ដោយបានបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ជាពិសេស ព្រោះរាំងស្ងួត ដោយសារធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សានឹងឈានមក ដល់មានភាពយឺតយ៉ាវីខុសប្រក្រតី ទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ។
ដែលជាហេតុនាំឱ្យតំបន់មួយ ចំនួនមានការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគជាប្រចាំថ្ងៃ។
ក្នុងបរិបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ សូមធ្វើការណែនាំដល់ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដូចខាងក្រោម
១. ត្រូវចាត់មន្ត្រីដើម្បីចុះពិនិត្យមើល ស្រះទឹក អណ្តូង និងមានវិធានការចាំបាច់ ព្រមទាំងផ្តល់ កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្តូងខូច និងស្រះទឹករីងស្ងួត ។ល។ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាត ទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
២. ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយ រងគ្រោះដោយសារកង្វះខាតទឹក ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងការ ប្រើប្រាស់ទឹកដោយសន្សំសំចៃ។
៣. ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការបរទេសនិងក្នុង ដើម្បីជួយមានវិធានការ និងផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ។
៤. រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចុះជួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំងអស់ ត្រូវដឹកនាំត្រួតពិនិត្យការផ្គត់ផ្គង់ទឹកជនបទ និងចាត់វិធានការអន្តរាគមន៍បន្ទាន់ក្នុងករណីប្រជាពលរដ្ឋ នៅជនបទត្រូវការ។
៥. ត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំមកក្រសួង ដើម្បីមានវិធានការបន្ទាន់។
ទទួលបានសេចក្តីណែនាំនេះ សូម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ត្រូវអនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕