មន្រ្តីជប៉ុន បានថ្លែងនៅថ្ងៃអាទិត្យនេះថា មនុស្សម្នាក់បានស្លាប់និង៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
ក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រយោធាជប៉ុន ចំនួន២គ្រឿង។
-នេះបើតាមព័ត៌មាន AFP នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Minoru Kihara បាននិយាយថា ឧទ្ធម្ភាគចក្រទាំង២គ្រឿង បានជួបឧបទ្ទវហេតុ អំឡុងការធ្វើលំហាត់សមទប់ទល់នាវាមុជទឹកនាពេលយប់ ។
ខណៈខាងក្រសួងការពារជាតិជប៉ុន យកបានឧបករណ៍កត់ត្រាទិន្នន័យហោះហើរហើយ និងកំពុងតែវិភាគរកមូលហេតុ។
ដែលបណ្តាលឱ្យ ឧទ្ធម្ភាគចក្រទាំង២គ្រឿងធ្លាក់ ក្នុងនោះរួមមានទាំង លទ្ធភាពនៃការបុកគ្នាលើផ្ទៃអាកាស។
បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ឧទ្ធម្ភាគចក្រទាំង២គ្រឿង បានធ្លាក់អំឡុងការហ្វឹកហ្វឺននាពេលយប់ នៅក្បែរទីប្រជុំកោះ Izu នៃមហាសមុទ្រប៉ាស៉ីហ្វិក។ ការទាក់ទងជាមួយឧទ្ធម្ភាគចក្រ១គ្រឿង បានដាច់កាលពីម៉ោង១០៖៣៨នាទីយប់ថ្ងៃសៅរ៍ នៅក្បែរកោះ Torishima ហើយប្រមាណជា២៥នាទីក្រោយមក គឺនៅខ្ទង់ម៉ោង១១៖០៤នាទីយប់ថ្ងៃដដែល កងកម្លាំងស្វ័យការពារជប៉ុន បានដឹងថា ការទាក់ទងជាមួយឧទ្ធម្ភាគចក្រ១គ្រឿងទៀត ក៏បានដាច់នៅតំបន់ដូចគ្នានោះផងដែរ។
-កាលពីខែមេសា ឆ្នាំ២០២៣ ឧទ្ធម្ភាគចក្រយោធាជប៉ុន១គ្រឿង ផ្ទុកមនុស្ស១០នាក់ បានធ្លាក់នៅក្បែរកោះ Miyako នៃខេត្ត Okinawa ហើយពុំមានអ្នករួចរស់ជីវិតឡើយ។
រីឯកាលពីខែមករា ឆ្នាំ២០២២ យន្តហោះចម្បាំងជប៉ុន១គ្រឿង បានធ្លាក់ចូលសមុទ្រនៅក្បែរតំបន់ Ishikawa ផ្តាច់ជីវិតពីឡុត២នាក់។
កាលពីខែវិច្ឆិកា ឆ្នាំមុន យន្តហោះ Osprey ១គ្រឿង របស់យោធាអាមេរិក ក៏បានធ្លាក់ចូលសមុទ្រនៅប្រទេសជប៉ុនផងដែរ ហើយបណ្តាលឱ្យមនុស្ស៨នាក់ ដែលជិះនៅលើនោះ ស្លាប់ទាំងអស់៕