តើឥទ្ធិពលថៅកែទឹកកកខ្លាំងប៉ុណ្ណា ខណៈរថយន្តបុករះគេឯងហើយ មិនចូលខ្លួនមកដោះស្រាយ!

(ព្រៃវែង)៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយ រថយន្តធុនធំដឹកទឹកកក ជាន់ហ្វ្រាំងមិនស៊ី បុករះម៉ូតូនិងរ៉ឺម៉កម៉ូតូ រួមទាំងរថយន្ត២គ្រឿងទៀត ដែលកំពុងចតស្ងៀមក្បែរចិញ្ចើមផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ផ្អើលអស់អ្នកភូមិ..!។
យ៉ាងណាក្ដី ក្រោយកើតហេតុសមត្ថកិច្ច បាននាំយកវត្ថុតាង រថយន្តពាក់ព័ន្ធ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដើម្បីដោះស្រាយគ្នា!។

-ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺស្របពេលដែល ភាគីម្ចាស់រថយន្តរងគ្រោះ កំពុងរង់ចាំដំណោះស្រាយដោយសន្តិវិធី។
-បែរជាភាគីថៅកែទឹកកក និងជាម្ចាស់រថយន្តបង្ក មិនចូលខ្លួនមកដោះស្រាយ តាមការកោះហៅ របស់សមត្ថកិច្ចសោះឡើយ។

-គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ត្រង់ចំណុចផ្លូវចូលខ្លោងទ្វារ”វត្តសិរីសាគរ”ស្ថិតនៅភូមិ កំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ចំថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ចំណុះ២តោនកន្លះ ពាក់ស្លាកលេខព្រៃវែង 3A-2047 ដឹកទឹកកក បើកបរដោយជនមិនស្គាល់ឈ្មោះ!។
-ម្ចាស់រថយន្តរងគ្រោះបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ខ្លួនបានចតរថយន្តក្បែរចិញ្ចើមផ្លូវ ពុំមានការប៉ះពាល់ឬកកស្ទះដល់អ្នកដំណើរនោះទេ..!។

លុះដល់ពេលកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយដឹកទឹកកខាងលើ បើកក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនស៊ី…! ។
បុករះម៉ូតូនិងរ៉ឺម៉កម៉ូតូពេញផ្លូវ ធ្លាក់មនុស្សរប៉ាត់រប៉ាយ និងបន្តជ្រុលបុករថយន្តខ្លួន រួមនិងរថយន្ត១គ្រឿងទៀត ដែលកំពុងចតស្ងៀមឡើងខ្ទាត..!។

បណ្ដាលឱ្យរងការខូចខាតម៉ូតូចំនួន២គ្រឿង រ៉ឺម៉កម៉ូតូចំនួន១គ្រឿង រថយន្តព្រូសចំនួន១គ្រឿង រថយន្តម៉ាកហាយឡែនឌ័រ ចំនួន១គ្រឿង..!។
ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះវាស់វែង និងយកវត្ថុតាងពាក់ព័ន្ធ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក! ។

ប្រភពដដែលបន្ថែមថា រថយន្តបង្កខាងលើជាកម្មសិទ្ធ របស់ថៅកែទឹកកកដ៏មានឥទ្ធិពលម្នាក់ នៅស្រុកពាមរក៍!។
ម្ចាស់រថយន្តរងគ្រោះនិយាយទៀតថា ក្រោយកើតហេតុភ្លាមៗ ស្រាប់តែលេចមុខ លោកស័ក្ដិ៤ម្នាក់ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ចេញមកធ្វើជាតំណាងឱ្យភាគីរថយន្តបង្ក ដោយបានចុះទៅដល់កន្លែងកើតហេតុ និងតម្រូវឱ្យជនរងគ្រោះ ចូលទៅដោះស្រាយគ្នា នៅអធិការដ្ឋានស្រុកកំពង់ត្របែក ។

ទន្ទឹមនិងនោះ ភាគីរថយន្តបង្ក បានសងការខូចខាត ទៅឱ្យម្ចាស់ម៉ូតូ រួមនិងម្ចាស់រ៉ឺម៉កម៉ូតូ ជាបន្តបន្ទាប់..!។

ដោយឡែករថយន្តរងគ្រោះទាំង២គ្រឿង ពុំទាន់ទទួលបានសំណងពីភាគីរថយន្តបង្ក។
ទន្ទឹមនិងនោះ សមត្ថកិច្ចក៏បានកោះហៅអ្នកពាក់ព័ន្ធ ចំនួន២លើក ប៉ុន្តែម្ចាស់រថយន្តបង្កមិនចូលខ្លួន មកដោះស្រាយគ្នានោះឡើយ។

-ទាក់ទិញបញ្ហានេះលោក សួន សំអឿន អធិការស្រុកកំពង់ត្របែក បានថ្លែងប្រាប់«ដើមរាំង»នៅរសៀលថ្ងៃទី២៣.០៤.២០២៤ថា សមត្ថកិច្ចរបស់លោក ពិតជាបានទូរស័ព្ទហៅ និងណាត់ភាគីរថយន្តបង្ក ចំនួន២លើកប្រាកដមែន ដើម្បីឱ្យមកដោះស្រាយគ្នា ប៉ុន្តែគាត់រវល់ពុំបានអញ្ជើញមក…!។

ក្នុងករណីនេះលោកអធិការ ក៏បានទទួលស្គាល់ដែរថា មូលហេតុមកពីបញ្ហាបច្ចេកទេស របស់រថយន្តបង្ក«ជាន់ហ្វ្រាំងមិនស៊ី»ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
ស្របពេលដែល រថយន្តរងគ្រោះ ម៉ាកហាយឡែនឌ័រ ត្រូវម្ចាស់សុំយកទៅជួសជុលហើយ នៅឡើយតែរថយន្តបង្ក និងរថយន្តរងគ្រោះម៉ាកព្រូស កំពុងស្ថិតក្នុងអធិការដ្ឋាន។

ជុំវិញរឿងរ៉ាវនេះ ម្ចាស់រថយន្តរងគ្រោះ បានសម្ដែងការហួសចិត្តនិងឆ្ងល់ថា តើថៅកែទឹកកក ដែលជាម្ចាស់រថយន្តបង្ក មានសិទ្ធអំណាច និងឥទ្ធិពលខ្លាំងប៉ុណ្ណា…?។
បានជាមានសិទ្ធ ចាត់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពាមរក៍ ឱ្យមកធ្វើជាតំណាងរបស់ខ្លួន….? ។

មួយវិញទៀតរថយន្តបង្ក បានចរាចរណ៍លើដងផ្លូវទាំងដែលមានបញ្ហាបច្ចេកទេសហ្វ្រាំងមិនស៊ី នេះសំណាងហើយដែលបុកម៉ូតូ-ឡាន ចុះបើសិនបុកមនុស្សវិញ មិនដឹងស្លាប់ប៉ុន្មាននាក់នោះទេ!។

-ពាក់ព័ន្ធការចោទប្រកាន់ខាងលើ នៅល្ងាចទី២៣.០៤.២០២៤«ដើមរាំង»ពុំអាចសុំការបកស្រាយ ពីម្ចាស់រថយន្តបង្កបានឡើយ ហើយ«ដើមរាំង»រង់ចាំបកស្រាយរៀងរាល់ម៉ោងធ្វើការ…!។

-ទោះជាយ៉ាងណាក៏ដោយ ម្ចាស់រថយន្តរងគ្រោះ សូមស្នើយ៉ាងទទូចដល់សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជាពិសេសស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រៃវែង មេត្តាចាត់វិធានការលើភាគីរថយន្តបង្កឱ្យបានតឹងរ៉ឹងបំផុត! ដើម្បីឱ្យរាងចាល កុំឱ្យមានការធ្វេសប្រហែសបង្កគ្រោះថ្នាក់ ដល់អ្នកដទៃក្រោយៗទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *