ប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប!

(សៀមរាប)៖ លោកវរសេនីយ៍ទោ ប៊ឹក បូភក្រ ត្រូវបានប្រកាសចូលកាន់តំណែង ជាប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប។
បន្ទាប់ពីប្រធានអង្គភាពចាស់ គឺលោក ទី សុខឡែន ត្រូវបានដកចេញដោយសារការដឹកនាំមានភាពមិនប្រក្រតី។

ពិធីប្រកាសចូលកាន់មុខតំណែងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប។
ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈ រួមនិងមន្ត្រីពាក់ព័ន្ធ។

ក្នុងនោះលោកឧត្តមសេនីយ៍ឯក ប៊ុន ដា បានថ្លែងថា នេះជាលើកទី៥ហើយ ដែលអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប បានធ្វើការតែងតាំង ប្រធានអង្គភាពថ្មី ។
ខណៈប្រធានអង្គភាពមុននេះ (លោក ទី សុខឡែន) កាន់តួនាទីបានត្រឹមរយៈពេល៨ខែប៉ុណ្ណោះ.!។

លោកបន្តថា ក្នុងពេល៨ខែ ការគ្រប់គ្រងអង្គភាពមួយ គឺក្តាប់មិនបានគ្រប់សភាពការណ៍ការងារនោះទេ ។
ប៉ុន្តែដោយសារការដឹកនាំមានភាពមិនប្រក្រតីខ្លះ ទើបសម្រេចផ្លាស់ប្តូរចេញ។

ទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ ប៊ុន ដា បានរំពឹងទុកថា ថ្នាក់ដឹកនាំអង្គភាពថ្មី នឹងពង្រឹងការងារ ។
ឱ្យមានសាមគ្គីផ្ទៃក្នុងអង្គភាពល្អ ក៏ដូចជាសហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្តសៀមរាប។ ដើម្បីរក្សាបាននូវ ក្រមសីលធម៌ល្អ សំដៅលើកកម្ពស់តម្លៃកងកម្លាំងនគរបាលជាតិ ។
ក៏ដូចជាលើកតម្លៃប្រជាទេសជាតិ ជាពិសេសខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ ដ៏មានសក្តានុពលរបស់កម្ពុជា។

ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក សំកុល សុចិត្រា អភិបាលរងខេត្ត ក៏បានជំរុញដល់ប្រធានថ្មី នៃអង្គភាពនគរបាលទេសចរណ៍។
ត្រូវខិតខំធ្វើកិច្ចសហការជាមួយអង្គរភាពនានា ដើម្បីថែរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
ជាមួយគ្នានេះក៏ត្រូវខិតខំ យកចិត្តទុកដាក់អនុវត្តឲ្យខានតែបាន នូវរាល់បទបញ្ជា ផែនការណែនាំក៏ដូចជាផែនការការពារផ្សេងៗ ដែលថ្នាក់ដឹកនាំជាតិ ក៏ដូចជាថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពខេត្តបានដាក់ជូន។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៩ ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ។
ត្រូវបានមន្ត្រីក្រោមឱវាទ ធ្វើការស្នើសុំទៅអគ្គស្នងការនគរបាលជាតិ ដើម្បីសុំដកចេញពីតំណែង ។
ដោយចចោទថា ទង្វើររបស់លោកវរសេនីយ៍ទោ ទី សុខឡែន មិនយល់ពីតួនាទីភារកិច្ចរបស់ខ្លួន ធ្វើអោយមាន ការរិៈគន់ពីស្ថានប័នពាក់ព័ន្ធ ភ្ញៀវទេសចរណ៍ និងមហាជន បណ្តាលអោយអាប់ឱនកិត្តិយសអង្គភាព ។
ដែលពីមុនធ្លាប់មានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន និងថ្នាក់ដឹកនាំ ធ្វើអោយមន្ត្រីនៅក្នុងអង្គភាពបែកបាក់សាមគ្គីភាពផ្ទៃក្នុង និងអស់សេចក្តីទុកចិត្តគ្រប់ៗគ្នា ។

បន្ទាប់ពីមានការស្នើសុំនេះ អគ្គស្នងការនគរបាលជាតិ បានសម្រេចដកតួនាទី របស់លោក ទី សុខឡែន ពីប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ដោយតែងតាំងលោក ប៊ឹក បូភក្រ ជំនួសវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *