Update៖ តំណាងអយ្យការ សម្រេចចោទប្រកាន់ឈ្មោះ ជួន គន្ធា និងបក្ខពួកចំនួន៥បទល្មើស!

(កំពង់ស្ពឺ)៖ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេច ធ្វើការចោទប្រកាន់ឈ្មោះ ជួន គន្ធា ភេទប្រុសអាយុ៣៥ឆ្នាំ និងឈ្មោះ មិន ផាន្នី (ហៅ ម៉ៅ) ភេទប្រុសអាយុ៤១ឆ្នាំ។
ពីបទ«ប៉ុនប៉ងឆបោក,ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត និងសមគំនិត ក្នុងអំពើកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចភូមិ រោងម៉ាស៊ីន និងភូមិត្រពាំងព្នៅ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីអំឡុងដើមខែមេសា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ តាមបញ្ញត្តិ មាត្រា២៧, មាត្រា២៩, មាត្រា៣៧៧, មាត្រា៣៧៨, មាត្រា៤៩៤, មាត្រា៤៩៥,មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ និងតាមបញ្ញត្តិ មាត្រា ៥៦ ចំណុចទី៤ និងមាត្រា៦២ ចំណុចទី១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
-នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦.០៤.២០២៤។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានលើកឡើងថា៖ ដោយទទួលព័ត៌មានមិនពិតមួយ តាមបណ្តាញសង្គមហ្វេសបុក (Facebook) និង សារព័ត៌មាន មួយចំនួន ពាក់ព័ន្ធទៅលើឈ្មោះ ជួន គន្ធា ភេទប្រុស អាយុ៣៥ឆ្នាំ អះអាងជា ឯកឧត្តម បានធ្វើការផ្សព្វផ្សាយចែកដី ជូនពលរដ្ឋក្រីក្រចំនួន ៦.០០០ឡូតិ៍ លើផ្ទៃដីសរុបទំហំ ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។
ដោយការចែកដីនេះ ក្នុងមួយគ្រួសារអាចទទួល បាន១០ឡូត៍ចុះ (ទំហំដី ១០ម៉ែត្រ x ៣០ម៉ែត្រ ក្នុងមួយឡូត៍) និងតម្រូវឱ្យជួយថ្លៃសេវារដ្ឋបាលជាមុន ក្នុងមួយឡូត៍ ៤៥០ (បួនរយហាសិបដុល្លារ)សម្រាប់ការរត់ការឯកសារ ឈូសឆាយដី និងពង្រាបដី ជាអាទិ៍។

បានទទួលដំណឹង អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បើកកិច្ចស៊ើបអង្កេតភ្លាម ជាលទ្ធផលដីកើតហេតុខាងលើ នៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងព្នៅ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំណុចនិយាមកា (៤០១០៥២-១២៨៣៨១១) ជាដីរបស់រដ្ឋ ស្ថិតក្នុងដែនជម្រកសត្វព្រៃរបស់ ក្រសួងបរិស្ថាន។
ការអះអាងរបស់ឈ្មោះ ជួន គន្ធា ថាខ្លួនជាម្ចាស់ដីស្របច្បាប់ គឺមិនមានឯកសារបទដ្ឋានគតិយុត្តិ ឬ ឯកសារបញ្ជាក់កម្មសិទ្ធិ ពីអាជ្ញាធរណាមួយឡើយ។

អ្នកនាំពាក្យបញ្ជាក់ថា ការនាំខ្លួននិងសាកសួរទៅលើឈ្មោះ ជួន គន្ធា ភេទប្រុស អាយុ៣៥ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ មិន ផាន្នី ហៅ ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ រកឃើញបក្ខពួកជាច្រើនរូប បានរៀបចំរចនាសម្ព័ន្ធឆបោកប្រជាពលរដ្ឋ និងសកម្មភាព ក្លែងឯកសារផ្សេងៗទៀត ។
ដើម្បីឈានទៅទន្ទ្រានរុករានដីរដ្ឋ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ក្រុមខ្លួន។

លទ្ធផលនៃការស៊ើបអង្កេត តំណាងអយ្យការ ផ្តើមការចោទប្រកាន់ទៅលើឈ្មោះ ជួន គន្ធា ភេទប្រុស អាយុ ៣៥ឆ្នាំ និងឈ្មោះ មិន ផាន្នី ហៅ ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ និង បក្ខពួកក្នុងបទល្មើសដូចខាងលើ រួចបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *