កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបើកការវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដោយបានបង្កើនការទម្លាក់គ្រាប់បែក នៅជំវិញជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងហ្គាហ្សា។
ខណៈពេលដែលបង្កើនសម្ពាធទៅលើទីក្រុង Rafah ភាគខាងត្បូងនិងតម្រូវឱ្យជម្លៀស អ្នកភៀសខ្លួនជាបន្ទាន់។
Jabalia គឺជាជំរុំជនភៀសខ្លួនប្រវត្តិសាស្ត្រ ដ៏ធំបំផុតមួយនៅហ្គាហ្សា ។
ដែលមានប្រជាជនជាង ១០០,០០០នាក់រស់នៅ ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីនដែលបានភៀសខ្លួន ក្នុងអំឡុងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៤៨។
កាលពីល្ងាចថ្ងៃសៅរ៍ យោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនដែលកំពុងបើកប្រតិបត្តិការនៅជំរុំ Jabalia ក្នុងបំណងដើម្បីរារាំងក្រុមហាម៉ាស់ ពីការស្តារឡើងវិញនូវសមត្ថភាពយោធារបស់ពួកគេ នៅទីនោះ។
ឧត្តមនាវីឯក Daniel Hagari អ្នកនាំពាក្យរបស់កងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ យើងបានទទួលដំណឹងពីការប៉ុនប៉ងរបស់ពួកហាម៉ាស ដើម្បីស្តារសមត្ថភាពយោធារបស់ពួកគេឡើងវិញនៅជំរុំ Jabalia។
ហើយយើងកំពុងធ្វើការនៅទីនោះ ដើម្បីរារាំងការប៉ុនប៉ងទាំងនោះ»។
លោក Hajari ក៏បាននិយាយផងដែរថា កងកម្លាំងអ៊ីស្រាអែលដែលប្រតិបត្តិការនៅក្នុងសង្កាត់ Zeitoun នៃទីក្រុងហ្គាហ្សា បានសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រហែល ៣០នាក់ ។
ទន្ទឹមគ្នានេះ អ៊ីស្រាអែលក៏បានបង្គាប់បញ្ជាជាថ្មី ឱ្យប្រជាជនក្នុងទីក្រុង Rafah ជាទីជម្រករបស់ប្រជាជនហ្គាហ្សាប្រហែល ១.៤ លាននាក់ភៀសខ្លួនចេញពីទីនោះផងដែរ ខណៈដែលខ្លួនកំពុងរៀបចំពង្រីកប្រតិបត្តិការយោធា។
គួរជម្រាបថា នៅចំពោះមុខការបង្កើនការវាយប្រហារនេះ អង្គការសហប្រជាជាតិបានព្រមានប្រឆាំង នឹងការបើកការវាយប្រហារតាមផ្លូវគោកទ្រង់ទ្រាយធំលើទីក្រុង Rafah ដោយសង្កត់ធ្ងន់លើមហន្តរាយមនុស្សធម៌ដែលអាចកើតមានឡើង។
ចំណែកឯ ប្រធានាធិបតីអាមេរិក លោក Biden ចាត់ទុកវាជា «បន្ទាត់ក្រហម» ហើយថែមទាំងបានព្រមានថា សហរដ្ឋអាមេរិកនឹងអាចផ្អាកការផ្គត់ផ្គង់អាវុធទៅអ៊ីស្រាអែលថែមទៀតផង៕