(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានជូនដំណឹងដល់ សាធារណជន មាតាបិតា អាណាព្យាបាល និងសិស្សនិស្សិតទូទាំងខេត្តប៉ៃលិន មេត្តាជ្រាបថា៖ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗ ដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្ស ។
ដែលត្រូវធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិតជារៀងរាល់សប្តាហ៍ ដោយឥតគិតថ្លៃ តាមទីតាំង និងពេលវេលា ដូចខាងក្រោម ៖
ថ្ងៃសុក្រ ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥.៣០ នាទីល្ងាច ចំណត់រថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន ។
ថ្ងៃអាទិត្យ ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណត់រថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង សេចក្តីដូចបានជម្រាបជូននេះ សូមសាធារណជន មាតាបិតា អាណាព្យាបាល និងសិស្ស និស្សិតជ្រាបជាព័ត៌មាន៕