(ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសន្និសីទលើកទី១ស្តីអំពី អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅពេលដែលកម្ពុជា បាត់បង់ឯកភាពផ្ទៃក្នុងរវាងក្រុមនយោបាយផ្សេងៗគ្នា និងមិនមានការឯកភាពគ្នាក្នុងជួរកងទ័ព នោះកម្ពុជាអាចនឹងរងការជ្រៀតជ្រែកពីសំណាក់បរទេស ហើយទីបំផុតកម្ពុជានឹងបាត់បង់នូវភាពជាម្ចាស់និងភាពម្ចាស់ការនៅក្នុងការគ្រប់គ្រងលើជោគវាសនាជាតិខ្លួនឯង។
សម្តេចធិបតី បានគូសបញ្ជាក់ថា ភាពឈឺចាប់របស់កម្ពុជាដែលបង្កឡើងដោយសារសង្រ្គាមនិងអំពើប្រល័យពូជសាសន៍ ក៏បានបង្កឡើងដោយសារការលូកដៃពីមហាអំណាចបរទេស គួបផ្សំនឹងអយុត្តិធម៌សង្គមផ្ទៃក្នុងប្រទេស ដែលស្តែងឡើងតាមរយៈគម្លាតមាន-ក្រ បានបង្កឱ្យមានភាពតានតឹងសង្គមនិងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយមនៃរបបប៉ុលពតទៀតផង។
គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាយើង បានបាត់បង់សន្តិភាពនិងបានជួបប្រទះសង្រ្គាមស៊ីវិលពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងបានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលបានធ្វើឱ្យកម្ពុជាខ្ទេចខ្ទីស្ទើរទាំងស្រុងដោយសារការមិនចុះសម្រុងគ្នារវាងអ្នកនយោបាយ និងកងកម្លាំងប្រដាប់អាវុធខ្មែរ៕