(កំពង់ធំ)៖ ពិតជាខ្លាំងមិនធម្មតាមែន លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្ដឹងភ្លែតសមត្ថកិច្ចចាប់ខ្លួនអ្នកកាសែតភ្លាមតែម្ដង…!។
ពោលគឺ”អ្នកកាសែតគ្រាន់តែឡាយផ្សាយព័ត៌មានសោះ”បែរជាមេធាវីតំណាងឱ្យលោក តុប កក្កដា ដាក់ពាក្យបណ្ដឹង ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២០.០៥.២០២៤។
ហើយសមត្ថកិច្ច ក៏បានចាប់ខ្លួនអ្នកកាសែតភ្លាមៗ រួចបញ្ជូនទៅកាន់តុលាការដោយគ្មានការលើកលែង! ។
ក្នុងនោះតុលាការ ក៏បានឃុំខ្លួនអ្នកកាសែត ដោយចោទប្រកាន់ចំនួន៣ បទល្មើសទៀតផង…..!។
-អ្នកសារព័ត៌មានត្រូវចោទឈ្មោះ សឿ សុជា ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រើប្រាស់គណនីហ្វេសប៊ុក«អាស៊ានដេលី សឿ សុជា»។
អ្នកសារព័ត៌មានរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២៤.០៥.២០២៤ លុះដល់ថ្ងៃទី២៦.០៥.២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទ៖ ញុះញង់ឱ្យមានការរើសអើង និងបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ ដែលបានប្រព្រឹត្ត នៅអំឡុង ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៩៥.មាត្រា៤៩៦ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។
-ការចាប់ឃុំខ្លួនលោក សឿ សុជា នៅពេលនេះ បានធ្វើឱ្យបងប្អូនអ្នកសារព័ត៌មានរាប់សិបនាក់ស្លុតចិត្ត និងខ្លាចរអា…!ជាខ្លាំង រហូតលែងហ៊ានចុះផ្សាយរិៈគន់ មន្ត្រីខិលខូចមួយចំនួនទៀតហើយ…!។
ក្នុងនោះ សូម្បីឃើញបទល្មើសព្រៃឈើនៅហ្នឹងមុខ ឬមានពលរដ្ឋរាយការណ៍ អំពីសកម្មភាព ទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ក៏អ្នកសារព័ត៌មានមួយចំនួនធំ មិនហ៊ានចុះផ្សាយអ្វីដែរ.!។
-ដោយបងប្អូនអ្នកសារព័ត៌មានលើកឡើងដូចៗគ្នាថា ផ្សាយរិៈគន់គេ គេមិនសប្បាយចិត្ត.គេខឹង ហើយបើអ្នកកាសែតខុសបន្តិចបន្តួច គេប្ដឹងគឺគេចមិនផុតពីគុកច្រវ៉ាក់នោះទេ…!។
ជាក់ស្ដែងថ្មីៗនេះ អ្នកសារព័ត៌មាន ជាច្រើន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដោយចោទប្រកាន់ពីបទ កំហែងយក.ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍.ញុះញង់ឱ្យមានការរើសអើង.បរិហារកេរ្តិ៍ជាសាធារណៈ.ប្រើប្រាស់អំពើហិង្សា.និងប្រើប្រាស់ស្លាកលេខរថយន្តមិនប្រក្រតី.ជាដើម!។
-ជុំវិញរឿងនេះ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ លោក សឿ សុជា គ្រាន់តែឈរថតឡាយវីដេអូ លើចិញ្ចើមផ្លូវ នៅមុខ”ស្នាក់ការបរិស្ថានអូរផ្អាវ”។
ដោយនិយាយរិៈគន់ថា«ខ្មោចស្នាក់ការរងបរិស្ថានប្រចាំនៅតំបន់អូរផ្អាវ ដែលត្រូវមន្ត្រីបរិស្ថានបោះបង់ចោល ឈប់នៅនាពេលបច្ចុប្បន្ននេះ។
ដោយលោកនិយាយទៀតថា៖ ស្នាក់ការចាស់ដែលទុកចោល គឺជាឈើដែលបានកាប់យកមក សាងសង់ និងឈើ ដែលបានចាប់ពីពួកលួចកាប់ឈើ។
លោក សឿ សុជា បន្ថែមថា ដីព្រៃនៅទីនេះវាលអស់ កាល១ឆ្នាំ មុនសុទ្ធសឹងតែជាដីព្រៃស្តុក ។
ដោយឃើញមានគេយកត្រាក់ទ័រមកឈូសឆាយព្រៃ តែគ្មានអ្នកអើពើហើយមន្ត្រីយាមយូរៗ ទៅបាត់ព្រៃអស់មិនមែន ការពារទេ បែជាអស់ព្រៃទៅវិញ ខណៈលោក តុប កក្កដា ថាដីទាំងនោះកាត់ឆ្វៀលរួចអស់ហើយ»។
-ការអត្ថាធិប្បាយឡាយផ្ទាល់របស់លោក សឿ សុជា ដូចខាងលើ.ត្រូវមន្ទីរបរិស្ថានខេត្តកំពង់ធំ ចាត់ទុកថា”ជាការផ្សាយមិនពិត ញុះញង់ឱ្យមានការរើសអើង ប៉ះពាល់ដល់ការខិតខំប្រឹងប្រែង របស់សមត្ថកិច្ចជំនាញអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងគ្មានមូលដ្ឋានច្បាស់លាល់”។
ក្នុងនោះនៅថ្ងៃទី២០.០៥.២០២៤ មេធាវីតំណាងឱ្យ មន្ទីរបរិស្ថានខេត្តកំពង់ធំ បានដាក់ពាក្យបណ្ដឹងប្ដឹងលោក សឿ សុជា ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការរើសអើង និង បរិហារកេរ្តិ៍ជាសាធារណៈ ហើយក៏មានការចាប់ និងឃុំខ្លួនលោក សឿ សុជា ភ្លាមៗតែម្ដង! ។
-ជុំវិញរឿងរ៉ាវខាងលើ មជ្ឈដ្ឋានអ្នកច្បាប់រួមនិងបងប្អូនអ្នកសារព័ត៌មានជាច្រើនស្ថាប័ន…!។
-បានសម្ដែងការហួសចិត្តជាខ្លាំងដោយម្នាក់ៗនិយាយថា លោក សឿ សុជា”គ្រាន់តែផ្សាយព័ត៌មានតាមបណ្ដាញសង្គម រិៈគន់មន្ត្រី និងរិៈគន់ការរុករានទន្ទ្រានកាន់កាប់ដីព្រៃប៉ុណ្ណោះ”។
-ហើយបើថា ការផ្សាយរបស់លោក សឿ សុជា នោះ”គ្មានមូលដ្ឋាន.ខុសការពិត”។
-អញ្ចឹងទង្វើរបស់គាត់«គួរស្ថិតក្នុងបទ បរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលជាបទលហុ»។
-ក្រមព្រហ្មទណ្ឌ មាត្រា៣០៥ បានចែងថា«គ្រប់ការអះអាងបំផ្លើស ឬការទម្លាក់កំហុស ដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិសព្ទនៃបុគ្គល ឬនៃស្ថាប័នណាមួយ គឺជាការបរិហារកេរ្តិ៍»។
ពោលគឺ ជនណាដែលប្រព្រឹត្តអំពើបរិហារកេរិ៍ជាសាធារណៈ ទៅលើបុគ្គល ឬស្ថាប័នណាមួយ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងផ្តល់ជាសំណងរដ្ឋប្បវេណី ដើម្បីជួសជុលព្យសនកម្មដល់ជនរងគ្រោះតែប៉ុណ្ណោះ។
ការផ្តន្ទាទោស ក្នុងបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវពិន័យជាប្រាក់ពី ១០០,០០០រៀល ទៅ ១០,០០០,០០០លានរៀល។
-ជាក់ស្ដែង នៅក្នុងឃ្លីបវីដេអូនោះ លោក សឿ សុជា មិនបានប្រកាសកៀងគរ ឱ្យពលរដ្ឋ ស្អប់ពលរដ្ឋដូចគ្នា ឬរើសអើងជាតិសាសន៍ដទៃនោះឡើយ..!។
-ឃ្លីបវីដេអូនោះ លោក សឿ សុជា ក៏មិនបានបញ្ចុះបញ្ចូល ពលរដ្ឋឱ្យទៅកាប់សម្លាប់នរណាម្នាក់ ឬប្រព្រឹត្តបទឧក្រិដ្ឋ បំផ្លាញមនុស្សជាតិអ្វីដែរ..!។
-មិនសមណាសមត្ថកិច្ចចាប់និងឃុំខ្លួនគាត់ ដោយចោទប្រកាន់ចំនួន ៣បទល្មើសបែបនេះសោះ…!! ។
ដែលជាហេតុនាំឱ្យ អ្នកកាសែតផ្សេងទៀត លែងហ៊ានផ្សាយរិៈគន់មន្ត្រីក៏ដូចជាបទល្មើសព្រៃឈើ…!។
យ៉ាងណាក៏ដោយ បងប្អូនអ្នកសារព័ត៌មានរាប់សិបនាក់ សូមស្នើយ៉ាងទទូចដល់ ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ មកសាលាដំបូងខេត្តកំពង់ធំ ដើម្បីឱ្យលើកលែងការចោទប្រកាន់លើលោក សឿ សុជា ឬដោះលែងលោក សឿ សុជា ឱ្យនៅក្រៅឃុំដោយក្ដីអនុគ្រោះ៕