តាសែត The Nation បានចុះផ្សាយកាលពីថ្ងៃទី២៨ ឧសភា នេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្នើសុំទៅកាន់ការិយាល័យអគ្គមេធាវី ឲ្យពន្យារពេលសវនាការលើសេចក្ដីសម្រេច ពាក់ព័ន្ធបទចោទប្រកាន់ប្រមាថព្រះមហាក្សត្រ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភានេះ ដោយសារតែ លោកបានឆ្លងជំងឺកូវីដ១៩ ។
ចំណែកប្រភពព័ត៌មាន ពីមេធាវីរបស់លោក ថាក់ស៊ីន បានបង្ហើបប្រាប់ថា ការិយាល័យអគ្គមេធាវីបានទទួលយកការស្នើសុំនេះរួចហើយកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា។ ប៉ុន្តែនៅមិនទាន់បញ្ជាក់ ពេលវេលាជាផ្លូវការចំពោះការពន្យារពេលសវនាការមួយនេះនៅឡើយទេ។ ដោយរង់ចាំមើលពីបញ្ហាសុខភាពរបស់អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះជាមុនសិន ។
ក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយថៃកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ លោក ថាក់ស៊ីន បានលើកឡើងថា ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ លោកមានបំណងចូលរួមសវនាការនៅការិយាល័យអគ្គមេធាវីដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភានេះ ។
ដោយសារតែអគ្គព្រះរាជអាជ្ញាបានពន្យារពេលសេចក្ដីសម្រេចចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីរូបនេះម្ដងរួចមកហើយកាលពីថ្ងៃទី១០ ខែមេសា ។
គួរម្លឹកថា ការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ របស់លោក ថាក់ស៊ីន មានប្រភពចេញពីបទសម្ភាសន៍ មួយដែលលោកបានផ្តល់ទៅឲ្យកាសែតកូរ៉េខាងត្បូង Chosun Ilbo កាលពីឆ្នាំ ២០១៥។
ដែលនៅពេលនោះអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះបានចោទប្រកាន់ក្រុមប្រឹក្សាឯកជនថាបានគាំទ្ររដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលជាប្អូនស្រីរបស់លោកកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៤ ។
បន្ទាប់ពីរស់នៅនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ លោក ថាក់ស៊ីន បានវិលត្រឡប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខណៈនៅថ្ងៃដដែលនោះ តុលាការកំពូលថៃក៏បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី ។
ប៉ុន្តែត្រូវបានព្រះមហាក្សត្រសម្រេចព្រះទ័យលើកលែងទោសមកនៅត្រឹម ១ ឆ្នាំវិញ ហើយក៏បន្តអនុវត្តតាមទោសទណ្ឌ រហូតឈានដល់ការដោះលែងឲ្យមានសេរីភាព ។
លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីអនុវត្តទោសទណ្ឌបានរយៈពេល ៦ខែ ។
ដោយសារតែស្ថានភាពរបស់លោកស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសដូចជា លោកស្ថិតក្នុងចំណោមទណ្ឌិត ៩៣០ ដែលចាត់ទុកជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំ បូករួមទាំងស្នាដៃបម្រើប្រទេសជាតិនៅពេលកន្លងមកផងដែរ ៕