ចិន​សម្រេច​បណ្តេញ​អតីតរដ្ឋមន្ត្រី​ការពារជាតិ​២រូប ពាក់​ព​ន្ធ័​អំពើពុករលួយ​!

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​ចិន បានរាយការណ៍ថា បក្សកុម្មុយនិស្ត បានសម្រេច​បណ្តេញ​អតីតរដ្ឋមន្ត្រី​ការពារជាតិ​២រូប។
ពាក់ព័ន្ធនិងការ ទាញយក​ផលប្រយោជន៍ ពីមុខ​តំណែង​។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បាន​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ​គណបក្ស​បានធ្វើការ​សម្រេចចិត្ត​ទាក់ទង​នឹង​អតីតរដ្ឋមន្ត្រី​ការពារជាតិ​លោក Li Shangfu និង​អ្នក​ស្នង​តំណែង​មុន​របស់គាត់ គឺ​លោក Wei Fenghe កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

គេហទំព័រ​នេះ​ផ្សាយ​ថា ស្ថាប័ន​ត្រួតពិនិត្យ និង​វិន័យ​របស់​គណៈកម្មាធិការ​យោធា​មជ្ឈិម​បាន​បើក​ការស៊ើបអង្កេត​លើ​លោក Li និង​លោក Wei កាលពី​ឆ្នាំមុន​។ សារព័ត៌មាន ស៊ីន​ហួរ​និយាយថា ការស៊ើបអង្កេត​បានរ​ក​ឃើញថា បុរស​ទាំងពីរ​នាក់​បាន​ទាញយក​ផលប្រយោជន៍ ពីមុខ​តំណែង​របស់​ពួកគេ ។

ដើម្បី​ស្វែងរក​ផលប្រយោជន៍​សម្រាប់​អ្នកដទៃ និង​ទទួលយក​ប្រាក់ និង​វត្ថុ​មានតម្លៃ​យ៉ាងច្រើន​ថែមទៀត​។

សារព័ត៌មាន ស៊ីន​ហួរ​រាយការណ៍​បន្តថា ការិយាល័យ​នយោបាយ​របស់​គណបក្ស​បានសម្រេច​ផ្ទេរ​សំណុំរឿង​ឧក្រិដ្ឋកម្ម​ដែល​សង្ស័យ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ជួរ​យោធា ដើម្បី​ពិនិត្យ និង​កាត់ទោស​។​

សារ​ព័ត​ត៌មាន ដដែល​បន្ថែមថា សកម្មភាព​របស់​ពួកគេ​បាន​នាំមក​នូវ​ការខូចខាត​យ៉ាង​សម្បើម​ដល់​ការអភិវឌ្ឍន៍​លើ​វិស័យ​ការពារជាតិ និង​កងកម្លាំងប្រដាប់អាវុធ​។
ប៉ុន្តែ​មិនមាន​ព័ត៌មាន​លម្អិត​ត្រូវបាន​គេ​ផ្តល់​ឲ្យ​ពាក់ព័ន្ធ​ករណីនេះ​ទេ​។​

កាលពី​ខែធ្នូ​ឆ្នាំមុន ប្រទេស​ចិន​បាន​ដក​មន្ត្រី​យោធា​ជាន់ខ្ពស់​ប្រាំបួន​នាក់​ចេញពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល​របស់​ខ្លួន គឺ​សភា​ប្រជា​ជនជាតិ​។ ក្នុង​ខែ​ដដែល​នេះ នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​បីនាក់​នៃ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​យោធា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ក៏ត្រូវ​បាន​បណ្តេញ​ចេញពី​ស្ថាប័ន​ប្រឹក្សា​កំពូល​មួយ​ផងដែរ គឺ​សន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច និង​ហុងកុង​មួយចំនួន​បាន​រាយការណ៍​នៅពេលនោះ​ថា ការបណ្តេញចេញ​អាចពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​អំពើពុករលួយ​ក្នុង​លទ្ធកម្ម​ដោយ​កងកម្លាំង​រ៉ុក្កែត​របស់​យោធា ដែល​គ្រប់គ្រង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​។​

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ប្រើ​កិច្ចប្រជុំ​យោធា​កាលពី​សប្តាហ៍​មុន​ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់លោក​ក្នុង​ការបន្ត​ការបង្ក្រាប​យ៉ាង​ហ្មត់ចត់​លើ​អំពើពុករលួយ​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version