សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារស្នាក់នៅរបស់គ្រូ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ នៅព្រឹកទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់«អគារ​ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ»។

របាយការណ៍របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា អគារស្នាក់នៅរបស់គ្រូ(អន្តេវាសិកដ្ឋានគ្រូ) មានចំនួន ១ខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ៧០បន្ទប់ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ដោយឡែកគរុនិស្សិត គរុសិស្សជ័យលាភី ដែលទទួលសញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀននៅ​ថ្ងៃនេះ មានចំនួនសរុប ២៦៦នាក់ ស្រី ១៨១នាក់។
ក្នុងនោះគរុនិស្សិតថ្នាក់បរិញ្ញា​បត្រ (១២+៤) ចំនួន ២៤៣នាក់ ស្រី ១៧២នាក់ និងគរុសិស្ស (១២+២) ចំនួន ២៣នាក់ ស្រី៩នាក់។ គរុសិស្ស-និស្សិតនេះ បានបញ្ចប់ការសិក្សាដោយជោគជ័យ​កាល​ពីឆ្នាំសិក្សា២០២២-២០២៣កន្លងទៅ។

សូមបញ្ជាក់ថា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលដើមឡើយជាអតីតមជ្ឈមណ្ឌលគរុកោសល្យ​ភូមិភាគរាជ​ធានី​ភ្នំពេញ និងសាលាគរុកោសល្យនិងវិក្រឹតការរាជធានីភ្នំពេញ។

វិទ្យាស្ថានមានភារ​កិច្ចបណ្ដុះ​បណ្ដាលគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រអប់រំ តាមប្រព័ន្ធ ១២+៤ និងធ្វើវិក្រឹតការគ្រូបង្រៀនសម្រាប់កម្រិតបឋមសិក្សា និងកម្រិតមូលដ្ឋាន​បង្រៀន​នៅអនុវិទ្យាល័យ។
នៅឆ្នាំ ២០២២ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានឋានៈស្មើ អគ្គនាយកដ្ឋាន។

តាមរយៈការអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន វិទ្យាស្ថានគរុ​កោ​សល្យ​រាជធានីភ្នំពេញ បានខិតខំធ្វើការអភិវឌ្ឍលើគ្រប់រូបភាពទាំងខាងផ្នែករឹង និង ផ្នែកទន់ ដោយមានការគាំទ្រពីជំនួយហិរញ្ញប្បទានឥតសំណងរបស់​រាជរដ្ឋាភិបាល​ និង​ប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា និងទីភ្នាក់ងារ JICA រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូអភិវឌ្ឍនានាផ្សេងទៀត។

ក្នុងនោះវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ទទួលបានការសាងសង់អគារថ្មីចំនួន៤ ដែលបំពាក់ដោយសម្ភារបរិក្ខារទំនើបសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់​គ្រូឧទ្ទេស គរុនិស្សិត និងបុគ្គលិកអប់រំទាំងអស់ក្នុងវិទ្យាស្ថាន។
អគារទាំងនោះរួមមាន៖
១) អគាររដ្ឋបាលកម្ពស់ ៣ជាន់ ចែកចេញជា ១៧បន្ទប់, ២) អគារកម្ពស់ ២ជាន់ ចែកចេញជា ៧បន្ទប់ ប្រើប្រាស់ជាបន្ទប់ពិសោធន៍ផ្នែកវិទ្យាសាស្រ្ត, បន្ទប់ប្រតិបត្តិគេហកិច្ច និងសិល្បៈ, ៣) អគារកម្ពស់២ជាន់ ប្រើប្រាស់ជាបណ្ណាល័យ និងបន្ទប់សិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍, ៤) សាលពហុបំណងកម្ពស់ ១ជាន់ ប្រើប្រាស់ជាសាលសម្រាប់រៀបចំកិច្ចប្រជុំ, សន្និសីទ, ការតាំងពិពណ៌ស្នាដៃប្រចាំឆ្នាំរបស់គរុនិស្សិត, ការសម្ដែងសិល្បៈ, ឬអាចប្រើជាសាលកីឡា រួមមានបាល់ទះ, បាល់បោះ, និងវាយសីជាដើម។

ការអភិវឌ្ឍផ្នែករឹង វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ​បានសហការជាមួយអង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា អភិវឌ្ឍលើផ្នែកទន់ផងដែរ ដើម្បីពង្រឹងគុណភាពបង្រៀន និងរៀន។

គិតមកត្រឹមឆ្នាំសិក្សា២០២២-២០២៣ នេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាន​បញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនសម្រាប់កម្រិតបឋមសិក្សាសរុប ៤១៨នាក់ ស្រី ៣៤៤នាក់ និងគ្រូបង្រៀនកម្រិតមូលដ្ឋានសរុប ៤៧២នាក់ ស្រី ២៧៤នាក់ និងបានផ្ដល់កម្មវិធីលើកកម្ពស់គុណវុឌ្ឍិដល់គ្រូឧទ្ទេសមកពីសាលាគរុកោសល្យចំនួន ៦៧នាក់ ស្រី ៣២នាក់។

បច្ចុប្បន្នគរុនិស្សិតកំពុងបន្តការសិក្សាឆ្នាំទី៣ សរុប ២៤៩នាក់ ស្រី១៨៤នាក់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version