(កណ្ដាល)៖ ក្រោយប្ដឹងសុំកិច្ចអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធ រួមនិងរដ្ឋបាលខេត្តកណ្ដាល ផងនោះ…!។
-ឥឡូវៈពលរដ្ឋ ដែលជាដើមបណ្ដឹង បានអះអាងថា ពួកខ្លួននឹងចូលបំភ្លឺនៅថ្ងៃទី៣០.០៧.២០២៤ តាមការកោះហៅរបស់រដ្ឋបាលខេត្តកណ្ដាល…!។
-នេះបើតាមការបញ្ជាក់ពីក្រុមពលរដ្ឋ ដែលបានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី២៩.០៧.២០២៤។
-សូមជម្រាបថា ដីទំនាស់ខាងលើមានទំហំ៦០ហិកតា ត្រង់ចំណុច”បឹងរាម”ស្ថិតនៅភូមិព្រែកក្របៅទី១ និងភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
-ទាក់ទិនបញ្ហានេះពលរដ្ឋឈ្មោះ មួន ទន់ នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឈ្មោះ ប៉ិច ក្រើន នៅភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលអះអាងថា ខ្លួនជាម្ចាស់ដី រងគ្រោះខាងលើ…!។
បានប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២.០៧.២០២៤។
ទន្ទឹមនិងនោះពលរដ្ឋ ក៏បានប្ដឹងចូលរដ្ឋបាលខេត្តកណ្ដាល ផងដែរ ក្នុងបំណងទាមទាររកយុត្តិធម៌….!។
-នៅក្នុងបណ្ដឹងនោះ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាល បានយកដីរបស់ពួកគាត់ទាំង២នាក់ សរុបទំហំ៦០ហិកតា ត្រង់ចំណុចខាងលើ មកកាត់ឆ្វៀល ចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យទៅអ្នកផ្សេងទាំងបំពានតែម្ដង ធ្វើឱ្យពួកខ្លួន រងការខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ..!។
លោក មួន ទន់ និងលោក ប៉ិច ក្រើន បន្តថា ដីមួយកន្លែងនេះ គឺពួកខ្លួនបានប្រមូលទិញ ពីពលរដ្ឋអ្នកអាស្រ័យផលជាង១០គ្រួសារ កាលពីកំឡុងឆ្នាំ២០១០។
ពោលគឺ ក្រោយពេលទិញរួច ពួកគាត់បានកាន់កាប់ និងអាស្រ័យផលបន្តរហូត!។
លុះដល់អំឡុងឆ្នាំ២០១៩ ស្រាប់តែក្រុមហ៊ុនឯកជនមួយ ចេញមកអះអាងថា ដីត្រង់ចំណុចខាងលើ ជាដីរបស់ក្រុមហ៊ុន.ហើយក្រុមហ៊ុន ក៏បានដាក់គ្រឿងចក្រ ឈូសឆាយលើកទំនប់ព័ទ្ធ ក្ដោបយកដីរបស់ពួកគាត់ ទាំងបំពានតែម្ដង..!។
មិនត្រឹមតែប៉ុណ្ណោះ តំណាងក្រុមហ៊ុន ថែមទាំងសំឡុតនិងគំរាម ចាប់ពួកខ្លួន ដាក់គុកទៀតផង ដោយចោទថា អ្នកទាំង២ រំលោភយកដីក្រុមហ៊ុន?។
ជាមួយគ្នានោះ ភាគីក្រុមហ៊ុន បានស្នើទៅអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីធ្វើ(ប្លង់រឹង)គ្របលើដីពួកគាត់ថែមទៀត!។
បើតាមលោក មួន ទន់ ខណៈពេលនោះ ពួកខ្លួនបានប្ដឹងជំទាស់និងទប់ស្កាត់ ប៉ុន្តែរាល់បណ្ដឹងរបស់គាត់ ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ!។
ជាក់ស្ដែង នៅខែសីហា ឆ្នាំ២០២០ រូបលោកបានប្ដឹងទប់ស្កាត់ ចូលរដ្ឋបាលខេត្តកណ្ដាល ក្នុងនោះរដ្ឋបាលខេត្តកណ្ដាល មិនត្រឹមតែគ្មានដំណោះស្រាយប៉ុណ្ណោះទេ!។
ដោយថែមទាំង យកដីពួកគាត់ ដែលកំពុងមានទំនាស់ត្រង់ចំណុចខាងលើ ទៅកាត់ឆ្វៀលនិងចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យតំណាងក្រុមហ៊ុនប្រមាណជិត១០ឈ្មោះស្មើ នឹងជិត១០ប័ណ្ណ.សរុប៦០ហិកតា!។
-ដោយចង់ដឹងពីចំណាត់ការរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤.ខែកក្កដា
ឆ្នាំ២០២៤«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ តាមប្រព័ន្ធតេឡេក្រាម ដោយលោកថ្លែងថា រវល់បើករថយន្តចាំពិនិត្យមើលសិន!។
លុះមួយថ្ងៃក្រោយមក«ដើមរាំង»សួរម្ដងទៀត បែរជាលោក ទូច សុខៈ ចូលមើលមិនឆ្លើយតប!។
ជាមួយគ្នានោះ នៅថ្ងៃទី១៦.០៧.២០២៤«ដើមរាំង» ក៏បានសុំការបំភ្លឺពីលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល ដោយលោកនិយាយយ៉ាងខ្លីថា ពាក់ព័ន្ធដី”បឹងរាម”ខាងលើ គឺគេមានរបាយការណ៍អស់ហើយ….!។
រីឯលោក ស៊ី ជីវុត្ថា នាយករដ្ឋបាលខេត្តកណ្ដាល និងជាអ្នកនាំពាក្យ បានថ្លែងថា ករណីដែលពលរដ្ឋប្ដឹងកាលពីឆ្នាំមុននោះ គឺរូបលោកពុំចាំទេ!។
ក្នុងរឿងនេះ កាលពីកន្លងទៅថ្មីៗនេះ ទាំងលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ រួមនិងលោក កែវ ច័ន្ទរ៉ា ចៅសង្កាត់ព្រែកអំពិល បានថ្លែងស្រដៀងគ្នាថា ពួកលោក ពុំទាន់ទទួលបានបណ្ដឹងពីភាគីណាមួយឡើយ!។
ហើយករណីខាងលើ គឺកើតមានតាំងពីពុំទាន់ បង្កើតក្រុងអរិយក្សត្រម្ល៉េះ!។
-ទោះជាយ៉ាងនេះក្ដី ពលរដ្ឋជាង១០គ្រួសារ នៅសង្កាត់ព្រែកអំពិល បានចេញមុខអះអាងថា ដីត្រង់ចំណុច”បឹងរាម”ស្ថិតនៅភូមិព្រែកក្របៅទី១ និងភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។
គឺពួកខ្លួន បានកាន់កាប់និងអាស្រ័យផល តាំងពីឆ្នាំ១៩៨៥មកម្ល៉េះ និងបានលក់ឱ្យឈ្មោះ មួន ទន់ និងឈ្មោះ ប៉ិច ក្រើន នៅឆ្នាំ២០១០ ប្រាកដមែន…!។
-ជាមួយគ្នានេះ លោក មួន ទន់ និងលោក ប៉ិច ក្រើន សូមស្នើយ៉ាងទទូចដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ចាត់វិធានការផ្លូវច្បាប់ ទៅលើមន្ត្រីនៃរដ្ឋបាលខេត្តកណ្ដាល ។
ដោយពួកគាត់អះអាងថា បានផ្អឹបបណ្ដឹងគាត់ ទុកចោល រយៈពេល៤ឆ្នាំហើយ មិនដោះស្រាយ ។
នឹងសុំឱ្យបើកការស៊ើបអង្កេតស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការកសាងប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)នឹងសុំនិរាករណ៍ចោល ចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប្លង់រឹង)ដែលចេញគ្របលើដីពួកគាត់ដោយក្ដីអនុគ្រោះ! ស្របពេលដែលពួកគាត់នឹងចូលបំភ្លឺ នៅសាលាខេត្តកណ្ដាល នាថ្ងៃទី៣០.០៧.២០២៤៕