ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធថា៖សហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាក្នុងការពង្រឹងសមត្ថភាព ឆ្លើយតបរួមគ្នារបស់ពួកគេប្រឆាំង នឹងការគំរាមកំហែងពីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអាវុធប្រល័យលោក(WMD)ផ្សេងទៀត…!។
លោក Yoon Bong-hee អគ្គនាយកនៃការិយាល័យផែនការគោលនយោបាយរបស់ក្រសួង និងលោក Richard C. Johnson ឧបការីរងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកគោលការណ៍នុយក្លេអ៊ែរ និងប្រឆាំង WMD បានដឹកនាំសម័យប្រជុំគណៈកម្មាធិការប្រឆាំងអាវុធប្រល័យលោក(Counter WMD) នៅទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ។
កិច្ចប្រជុំនេះធ្វើឡើង ស្របពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងលើការជួញដូរអាវុធខុសច្បាប់រវាងកូរ៉េខាងជើង និងរុស្ស៊ី ។
ដែលជំរុញដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមក ក្នុងអំឡុងពេលកិច្ចពិភាក្សាកំពូលរវាងមេដឹកនាំរបស់ពួកគេ នៅទីក្រុងព្យុងយ៉ាង កាលពីខែមុន។
ក្រសួង បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា៖ ជាពិសេស ពួកគេ បានយល់ស្របថា ការរីកសាយភាយអាវុធប្រល័យលោក( WMD) ខុសច្បាប់នៅក្នុងតំបន់ រួមទាំងពាណិជ្ជកម្មអាវុធរបស់រុស្ស៊ី និងកូរ៉េខាងជើង រារាំងសន្តិភាព និងស្ថិរភាព នៅលើឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបានប្តេជ្ញាកិច្ចសហប្រតិបត្តិការសម្រាប់ការមិនរីកសាយភាយអាវុធប្រល័យលោក។
ភាគីទាំងពីរ ក៏បានឯកភាពពង្រីកការចែករំលែកព័ត៌មាន និងលើកកម្ពស់ជំនាញរបស់អង្គភាពពាក់ព័ន្ធ តាមរយៈកម្មវិធីកាត់បន្ថយការគំរាមកំហែងរួមគ្នា ជាកម្មវិធីសន្តិសុខរបស់សហរដ្ឋអាមេរិក ដែលត្រូវបានរៀបចំឡើង ។
ដើម្បីពង្រឹងសមត្ថភាពរបស់សម្ព័ន្ធមិត្តប្រឆាំង នឹងការគំរាមកំហែងពីអាវុធប្រល័យលោក៕