យ៉ាងហោចណាស់ ក៏មានមនុស្ស៩១នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀត រងរបួសក្នុងការប៉ះទង្គិចគ្នា នៅក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យទី៤ ខែសីហានេះ ។
ខណៈកងកម្លាំងនគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ។
ដើម្បីបំបែកក្រុមបាតុករ រាប់ម៉ឺននាក់ ដែលកំពុងអំពាវនាវឱ្យ នាយករដ្ឋមន្ត្រីលោកស្រី សេក ហាស៊ីណា (Sheikh Hasina) លាលែងចេញពីតំណែង…!។
រដ្ឋាភិបាល បានប្រកាសបម្រាមគោចរទូទាំងប្រទេសមិនកំណត់ ដោយចាប់ផ្តើមនៅម៉ោង ៦ ល្ងាចម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ ជាលើកដំបូងដែលខ្លួនបានចាត់វិធានការបែបនេះក្នុងអំឡុងពេលការតវ៉ានាពេលបច្ចុប្បន្នដែលបានចាប់ផ្តើមកាលពីខែមុន។
ប្រទេសនេះ ក៏បានប្រកាសផងដែរពីថ្ងៃឈប់សម្រាកទូទាំងប្រទេសរយៈពេលបីថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃចន្ទសប្ដាហ៍នេះតទៅ។
ភាពចលាចលដែលបានជំរុញឱ្យរដ្ឋាភិបាលបិទសេវាកម្មអ៊ីនធឺណិត គឺជាការសាកល្បងដ៏ធំបំផុតរបស់ លោកស្រី Hasina នៅក្នុងរបប ២០ឆ្នាំរបស់លោកស្រី ។
បន្ទាប់ពីបានឈ្នះអាណត្តិទី ៤ក្នុងការបោះឆ្នោតដែលត្រូវបានធ្វើពហិការដោយគណបក្សប្រឆាំងដ៏សំខាន់គឺគណបក្សជាតិនិយមបង់ក្លាដែស ។
ក្រុមអ្នករិះគន់ លោកស្រី Hasina រួមជាមួយក្រុមសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកស្រី ថាបានប្រើកម្លាំងហួសហេតុប្រឆាំងនឹងក្រុមអ្នកតវ៉ា ជាការចោទប្រកាន់ដែលលោកស្រី និងរដ្ឋមន្ត្រីរបស់ខ្លួនបានបដិសេធ។
ក្រុមបាតុករ បានបិទផ្លូវហាយវេធំៗកាលពីថ្ងៃអាទិត្យ ហើយក្រុមបាតុករនិស្សិតបានចាប់ផ្តើមកម្មវិធីមិនសហការ ដើម្បីជំរុញឱ្យរដ្ឋាភិបាលលាលែងពីតំណែង៕