ក្រសួងសុខាភិបាល ក្នុងក្រុមបាននិយាយ កាលពីថ្ងៃអង្គារ(ទី០៣ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៣៣នាក់ និងរបួស៦៧នាក់..!។
ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិប៉ាឡេស្ទីន កើនដល់៤០.៨១៩នាក់ និងរបួសប្រមាណជា ប្រហែល ៩៤.២៩១នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាសប៉ាឡេស្ទីន៕