កងកម្លាំងព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ផ្ទុះអាវុធដាក់គ្នាជុំវិញការសាងសង់ ប៉ុស្តិ៍ត្រួតពិនិត្យ!

ប្រព័ន្ធផ្សព្វផ្សាយ អាហ្វហ្គានីស្ថានបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍(ទី៥ខែកញ្ញា)ថា កងកម្លាំងសន្តិសុខប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានប៉ះទង្គិចគ្នានៅព្រំដែន។
បន្ទាប់ពីពួកតាលីបង់អាហ្វហ្គានីស្ថាន ប៉ុនប៉ងសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យ…!។

Tolo News បានរាយការណ៍ថា ការបាញ់ប្រហារយ៉ាងខ្លាំង បានកើតឡើងកាលពីល្ងាចថ្ងៃពុធ រវាងកងកម្លាំងសន្តិសុខ របស់ប្រទេសទាំងពីរនៅក្នុងស្រុក Zazi នៃខេត្ត Khost នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។

ទូរទស្សន៍នេះ បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថានបណ្តោះអាសន្នលោក Enayatullah Khwarizmi ថា “ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងកងកម្លាំងព្រំដែនរបស់ប្រទេសឥស្លាមអេមីរ៉ាត និងកងទ័ពប៉ាគីស្ថាននៅជិតបន្ទាត់ Durand”។

ទោះ​បី​ជា​យ៉ាង​ណា​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ពី​អ្នក​រង​របួស​ពី​ភាគី​ទាំង​សង​ខាង​ទេ។

លោកបាននិយាយថា ការប៉ះទង្គិចបានកើតឡើងបន្ទាប់ពីកងកម្លាំងព្រំដែនអាហ្វហ្គានីស្ថានបានចាប់ផ្តើមសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យ ហើយកងកម្លាំងប៉ាគីស្ថានបានបើកការបាញ់ប្រហារដើម្បីបញ្ឈប់ការសាងសង់។

កាលពីខែមុន Torkham ដែលជាច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់រវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ត្រូវបានបិទអស់រយៈពេលបីថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងកម្លាំងរបស់ប្រទេសទាំងពីរ។

ព្រំដែន Torkham ដែលតភ្ជាប់ខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ទៅខេត្ត Nangarhar ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន គឺជាច្រកមួយក្នុងចំណោមច្រកសំខាន់ៗពីររវាងទីក្រុង Islamabad និងទីក្រុង Kabul។

ការប៉ះទង្គិចគ្នាជាបណ្តើរៗរវាងកងទ័ពនៅព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថានបានបន្តអស់រយៈពេលជាយូរ ដោយមិនមានការសម្រាកសូម្បីតែបន្ទាប់ពីពួកតាលីបង់បានឡើងកាន់អំណាចនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមកាលពីខែសីហាឆ្នាំ 2021។

ទីក្រុងអ៊ីស្លាម៉ាបាដបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធ TTP ដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថានថាបានធ្វើការវាយប្រហារភេរវកម្មនៅក្នុងប្រទេសប៉ាគីស្ថាន ។
ខណៈដែលក្រុងកាប៊ុលបដិសេធការចោទប្រកាន់ថាដីរបស់ខ្លួនត្រូវបានប្រើប្រាស់ប្រឆាំងនឹងប្រជាជាតិអាស៊ីខាងត្បូង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version