មនុស្ស៦នាក់ បានស្លាប់នៅតំបន់ចំនួន២ក្នុងរដ្ឋ Tennessee និងប្រមាណ២០នាក់ទៀត រងរបួស បន្ទាប់ពីព្យុះកំបុតត្បូង វាយប្រហារភាគខាងត្បូងរដ្ឋ កាលពីថ្ងៃសៅរ៍ទី៩ខែធ្នូ។
នៅតំបន់ Montgomery, មនុស្សចំនួន៣នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងនោះមានទាំងកុមារម្នាក់ផងដែរ ខណៈ២៣នាក់ទៀត ត្រូវបញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យក្នុងតំបន់។
នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ Nashville បានបង្ហោះលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្ស៣នាក់ ត្រូវព្យុះផ្តាច់ជីវិតនៅទីនោះ។
លើសពីនេះ តំបន់ជាច្រើនក្នុងរដ្ឋ Tennessee បានរាយការណ៍ពីមនុស្សរងរបួស ប៉ើងដំបូលផ្ទះ និងការដាច់ចរន្តអគ្គិសនីដល់មនុស្សរាប់ម៉ឺននាក់។
យោងតាមគេហទំព័រ PowerOutage.us, អតិថិជនប្រហែល ៨៥០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋ Tennessee កាលពីយប់ថ្ងៃសៅរ៍។
អភិបាលក្រុង Clarksville លោក Joe Pitts បានបញ្ជាក់ថា “យើងទទួលបានព័ត៌មានដ៏សោកសៅអំពីការបំផ្លិចបំផ្លាញ ហើយយើងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ ទីក្រុងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយពួកគេក្នុងពេលមានទុក្ខព្រួយ”។
គួររំលឹកថា កាលពី២ឆ្នាំមុន ទីភ្នាក់ងារអាកាសធាតុជាតិ បានកត់ត្រាព្យុះកំបុតត្បូងចំនួន៤១ ឆ្លងកាត់រដ្ឋមួយចំនួន ។
ដោយក្នុងនោះមាន ១៦ព្យុះនៅរដ្ឋ Tennessee និង ៨ព្យុះនៅរដ្ឋ Kentucky ខណៈត្រឹមតែរដ្ឋ Kentucky មានមនុស្សសរុបដល់ទៅ៨១នាក់ ដែលបាត់បង់ជីវិត៕