(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០….!។
វរសេនាធំលេខ៧០ ត្រូវបានកែសម្រួលមកជាកងពលតូចថ្មើរជើងលេខ៧០ តាមអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាល ស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ កាលនោះគឺនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ជាមេបញ្ជាការកងពល រហូតដល់ឆ្នាំ២០២៣។
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីអនុវត្តផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបានកែសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកជាកងពលតូចលេខ៧០ តាមប្រកាស ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។
ចាប់ពីថ្ងៃបង្កើត រហូតមកទល់បច្ចុប្បន្ន កងពលតូចលេខ៧០ បានប្រឹងប្រែងព្យាយាម ជម្នះរាល់ឧបសគ្គ ក្នុងការបំពេញភារកិច្ច សម្រេចបានស្នាដៃជាច្រើន ក្នុងការកសាង និងពង្រឹងអង្គភាពរបស់ខ្លួន ឱ្យបានរៀបរយ និងរីកចម្រើនរឹងមាំជាលំដាប់ រួមចំណែក ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខ សុវត្ថិភាពជូនសង្គមជាតិ បានល្អប្រសើរ ដោយក្នុងនោះរួមមាន៖
កងពលតូចលេខ៧០ បានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ធ សិក្សាតាមប្រព័ន្ធ បច្ចេកវិទ្យាទំនើប និងខិតខំពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ព្រមទាំងបានកសាងទីលានហ្វឹកហ្វឺនកម្រិតថ្នាក់ជាតិ ។
បានចូលរួមការពាររាជធានីភ្នំពេញ ឱ្យមានសុខសុវត្ថិភាព និងបំពេញភារកិច្ចជាច្រើនទៀតទទួលបានលទ្ធផលគួរជាទីមោទនៈ។
កងពលតូចលេខ៧០ បានចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ រាល់បទបញ្ជា របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពខុសច្បាប់នានា ដូចជា បទល្មើសព្រៃឈើការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ទប់ស្កាត់រាល់វិទ្ធង្សនា បដិវត្តន៍ពណ៌ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានបំណងបង្កអស្ថិរភាពសង្គម បំផ្លិចបំផ្លាញ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយក៏បានរួមចំណែកក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា កងពលតូចលេខ៧០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅកម្ពុជា។
កងពលតូចលេខ៧០ បានសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការពារសន្តិសុខក្នុងពិធីបុណ្យជាតិ-អន្តរជាតិនានា ការពារឥស្សរជន ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និង គណៈប្រតិភូជាន់ខ្ពស់ប្រទេសជាមិត្តដែលអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា។
កងពលតូចលេខ៧០ បានបញ្ជូនយោធិនទៅហ្វឹកហ្វឺនសង្គ្រោះ និងជំនាញ ប្រឆាំងភេរវកម្ម នៅក្រៅប្រទេស ព្រមទាំងទទួលគ្រូបរទេស មកបំប៉នរយៈពេលខ្លី នៅកម្ពុជា។ កងពលបាននិងកំពុងលើកកម្ពស់ជីវភាព រស់នៅជូនកងទ័ព ដូចជា ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ហើយបច្ចុប្បន្នគ្រប់វរសេនាតូចមានលទ្ធភាព ប្រមូលផលសាច់ និងបន្លែ ចូលរោងបាយជាប្រចាំបន្ថែមលើគោលរបប។
កងពលតូចលេខ៧០ បានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវមន្ទីរពេទ្យ១កន្លែង ។
ដែលបានពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋ និងមណ្ឌលសុខភាព២កន្លែង នៅខេត្តកំពង់ស្ពឺ និងខេត្តកំពត បានពិនិត្យ ព្យាបាលជំងឺ និងសម្រាលកូនជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានផលិតទឹកសុទ្ធ ចែកជូនប្រជាពលរដ្ឋផងដែរ។
កងពលបានទទួល ជំនួយពីមិត្តជប៉ុនតាមរយៈអង្គការ JPR នូវរថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះគ្រប់ប្រភេទ។ កងពលតូចលេខ៧០ បានបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅខេត្តព្រះវិហារ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ ព្រមទាំងបានបញ្ជូន១កងអនុសេនាធំបោសសម្អាតមីន ទៅបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ រយៈពេល១ឆ្នាំ នៅប្រទេសស៊ូដង់៕