រដ្ឋាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ក្រដាស់ប្រាក់ថ្មី គឺ២០ម៉ឺនរៀល!

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យ ប្រើក្រដាស់ប្រាក់ប្រភេទថ្មី​គឺ ២០០.០០០រៀល(ពីរសែនរៀល)។

នេះបើយោងតាមអនុក្រឹត្យ ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

ធនាគារជាតិនៃកម្ពុជា ប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈ សម្គាល់នៃធនប័ត្រអនុស្សាវរីយ៍នេះ មានដូចខាងក្រោម៖
ក- លក្ខណៈទូទៅ ៖
– ទំហំធនប័ត្រ: បណ្ដោយ ១៧០មម ទទឹង ៧៦មម – ពណ៌ចម្បងគឺពណ៍ត្នោត ពណ៍ទឹកក្រូច និងពណ៌ផ្កាឈូក

ខ- ផ្ទៃខាងមុខ៖ ផ្ទៃកណ្តាល ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ ពីរសែនរៀល នៅខាងក្រោម។
ខាងឆ្វេងមានលេខ “ ២០០.០០០ ” នៅពីលើ ព្រមទាំងហត្ថលេខារបស់ អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគមួយគូ
នៅប្រាសាទបន្ទាយសំរ៉ែក្នុងខេត្តសៀមរាប។

ផ្នែកខាងស្តាំ ខាងលើមានអក្សរ ធនាគារជាតិនៃកម្ពុជា ខិតមកក្រោមមានលេខមាលា បោះពុម្ពដោយទឹកខៅ្មពណ៍ក្រហមនិងនៅពីក្រោម នោះមានលេខ ២០០០០០ និង 200000 និងមានអក្សរ អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់ នៅគែមខាងក្រោម ។ នៅគែមខាងស្តាំនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះ ឃើញមានលេខ 200000 ។

ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា
និងមានលេខ 200000 ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០ មម កាត់ ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម។
នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀង ផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។

គ- ផ្ទៃខាងខ្នង ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿង ព្រះមហាក្សត្រ និងមានអក្សរ ពីរសែនរៀល នៅពីក្រោម និងអក្សរ “ Congratulations on the 20th Anniversary of the Coronation of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI (29 October 2004-29 October 2024) ” នៅគែមក្រដាសប្រាក់។

ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាយ័នក្នុងខេត្តសៀមរាប និង មានលេខ ២០០.០០០៛ នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៣ មម នៅ ផ្នែកខាងឆ្វេង។ នៅជ្រុងលើខាងស្តាំមានលេខ 200.000៛ ដែលត្រូវបានបោះពុម្ពតាមបន្ទាត់ បញ្ឈរ។
ផ្នែកខាងឆ្វេង ខាងលើមានអក្សរ ធនាគារជាតិនៃកម្ពុជា និងអក្សរ NATIONAL BANK OF CAMBODIA ខិតមកក្រោមមានចារឹកអក្សរ អបអរសាទរខួប ២០ឆ្នាំ នៃការគ្រង រាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤ ) ព្រមទាំងលេខ 2024 នៅពីក្រោមនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version