ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ(ទី១៦ខែតុលា) បានរាយការណ៍ថា យុវជនប្រហែល ១.៤លាននាក់ បានស្ម័គ្រចិត្តចូលរួមបម្រើកងទ័ព ក្នុងសប្ដាហ៍នេះ។
-នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
KCNA បានបញ្ជាក់ក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា យុវជនក្មេងៗ បានប្ដេជ្ញាចិត្តប្រយុទ្ធនៅក្នុងសង្រ្គាមពលីមួយ ដើម្បីកម្ទេចសត្រូវជាមួយអាវុធរបស់បដិវត្តន៍។
ការអះអាងបែបនេះរបស់ KCNA ធ្វើឡើងនៅចំពេលភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានឡើងកម្ដៅសាជាថ្មី ក្រោយកូរ៉េខាងជើងចោទថា កូរ៉េខាងត្បូងបានបង្ហោះដ្រូន ចូលក្នុងរដ្ឋធានីព្យុងយ៉ាង។
ឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏ធ្លាប់បានអះអាងដែរពីការចូលរួមរបស់យុវជនកូរ៉េខាងជើង នៅក្នុងជួរកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងជាមួយ សហរដ្ឋអាមេរិក។
ប្រសិនបើសង្រ្គាមផ្ទុះឡើង នោះកូរ៉េខាងត្បូង នឹងត្រូវរលាយបាត់ពីផែនទី ហើយបើពួកគេចង់ធ្វើសង្រ្គាម នោះយើងនឹងធ្វើឱ្យពួកគេរលាយ បាត់ នេះជាការបន្ថែមរបស់ KCNA។
កូរ៉េខាងជើង កាលពីថ្ងៃអង្គារ ទី១៥ ខែតុលា បានចាប់ផ្តើមបំផ្ទុះកម្ទេចកំណាត់ផ្លូវថ្នល់ និងថ្លូវរថភ្លើង ដែលតភ្ជាប់រវាងប្រទេសកូរ៉េទាំងពីរ នៅឯខាងព្រំប្រទល់របស់ខ្លួន។
វាជាការអនុវត្តការសន្យារបស់ទីក្រុងព្យុងយ៉ាង ដែលបានប្រកាសកាលពីសប្តាហ៍មុនថា នឹងកាត់ផ្តាច់ទាំងស្រុងនូវផ្លូវថ្នល់ ជាមួយកូរ៉េខាងត្បូង៕