សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ វិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប!

(កែប)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីយភាព ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«វិថីតេជោសន្តិភាពឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ ស្ថិតនៅ ភូមិកែប និង​ភូមិ​អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

-ផ្លូវមួយខ្សែនេះ ត្រូវបានអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន KIRI Dangrek Construction Co., Ltd. និង M.T.A Construction Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន Renardet S.A. សហការជាមួយ SBK Research and Development ដែលបានប្រើ​ប្រាស់​រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្ដើមក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុប ១០លានដុល្លារអាម៉េរិក ជាកម្ចី ឥណទានសម្បទានពី​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយ​ផលប៉ះ​ពាល់ និងពន្ធអាករផ្សេងៗ។

វិថីតេជោសន្តិភាពឆ្នេរអង្កោល គឺជាខ្សែផ្លូវលាតសន្ធឹងប្របមាត់ឆ្នេរទេសចរណ៍នៃសមុទ្រ ខេត្តកែប ដែលតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្ត លេខ​១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា- វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែបផងដែរ។

បច្ចុប្បន្នវិថីនេះ បាននិងកំពុងជួយសម្រួលប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រមាណជាង ៦,០០០​គ្រួសារ ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ បានឆាប់រហ័ស និងមានសុវត្ថិភាព ជាពិសេសជួយទាក់ទាញសក្តានុពលទេសចរណ៍ និងជំរុញ ការអភិវឌ្ឍផ្សេងៗនៅតាមតំបន់ឆ្នេរ​មាត់​​សមុទ្រទាំងមូលឱ្យកាន់តែរីកចម្រើន និងល្អប្រសើរឡើងបន្ថែមទៀត។

លើសពីនេះ វិថីនេះក៏បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែប ឱ្យកាន់​តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវ​ថ្មើរ​ជើងសម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ប្រសិទ្ធនាមខ្សែផ្លូវនេះជា វិថីតេជោ​សន្តិភាពឆ្នេរអង្កោល ដើម្បីជាការសម្ដែងនូវការចង់ចាំចំពោះស្នាដៃ និងគុណូបការៈ ដ៏ធំធេងរបស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានខិតខំពុះពារគ្រប់​ឧប​សគ្គ​ឆ្លងកាត់ភ្លើង​សង្គ្រាមរាប់ មិនអស់ ជាពិសេសការតស៊ូរំដោះប្រទេសជាតិចេញពីរបបប៉ុលពត និងការដាក់​ចេញ​នយោបាយ ឈ្នះ-ឈ្នះបញ្ចប់សង្គ្រាមផ្ទៃក្នុងដោយជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជា​ ទទួលបាន​នូវ​សុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិពេញលេញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version