Update៖ ឃុំខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម រឿងយកលុយ៣០ម៉ឺនដុល្លារ រត់ការចង់ធ្វើជាអភិបាលក្រុងអរិយក្សត្រ!

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៣១៥ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណី(ប៉ុនប៉ងក្នុងបទសូកប៉ាន់)ដែលមានជនត្រូវចោទមានខ្លួនឈ្មោះ សុខកាយ ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ«ប៉ុនប៉ងក្នុងបទសូកប៉ាន់» ព្រមទាំងជនត្រូវចោទចំនួន៣នាក់ទៀត គឺឈ្មោះ លី សាម៉េត ភេទប្រុស អាយុ៧១ឆ្នាំ (កំពុងឃុំខ្លួននៅ ពន្ធនាគារ)។
ឈ្មោះ ដួង តារា ភេទប្រុស អាយុ៥៦ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និងឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពី”បទប៉ុនប៉ងក្នុងបទសូកប៉ាន់”ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំង អំពើពុករលួយ។

អ្នកនាំពាក្យបញ្ជាក់ថា ដំណើររឿងដែលនាំឱ្យមានការ ចោទប្រកាន់នេះ គឺឈ្មោះ កន សុខកាយ បានយកប្រាក់ចំនួន ៣០០.០០០ដុល្លារទៅប្រគល់ឱ្យឈ្មោះ លី សាម៉េត, ឈោ្មះ ដួង តារា និងឈ្មោះ ឡាច សំរោង ដោយមានចេតនាដើម្បីសូកប៉ាន់ ក្នុងគោលបំណងទទួលបានតំណែងជាអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ក្រោយសួរចម្លើយពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ កន សុខកាយ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។

សូមបញ្ជាក់ថា លោក កន សុខកាយ ត្រូវបាន(ACU) ឃាត់ខ្លួន និងបានបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
-ពាក់ព័ន្ធអំពើ(ឆបោក)និងសូកប៉ាន់ជាមួយលោក លី សាម៉េត(ហៅគ្រូមា)នេះដែរ។
សមត្ថកិច្ចបានឃាត់ខ្លួនលោក មួង ឃីម.លោកឧកញ៉ា អ៊ុត ធី.លោក លោក លី សាម៉េត (ហៅគ្រូមា).លោក ដួង តារា អតីតរដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី.ពាក់ព័ន្ធអំពើ(ឆបោក)លុយរាប់ម៉ឺនដុល្លារ ស៊ីសំណូក រត់ការចង់បានមុខតំណែង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version