Update៖ លោក Keir Starmer នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួម!

លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមនៅខែធ្នូចុងឆ្នាំនេះ ដើម្បីពង្រឹងទំនាក់ទំនងនិងជំរុញការវិនិយោគពីប្រទេសទាំងពីរ។ នេះបើយោងតាមប្រភពព័ត៌មាន ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចក្រភពអង់គ្លេសសង្ឃឹមថា នឹងទាក់ទាញការវិនិយោគពីប្រទេសឈូងសមុទ្រ ជាពិសេសក្នុងវិស័យថាមពលដើម្បីជួយជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ លោក Starmer ក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហាតំបន់ រួមទាំងជម្លោះនៅហ្គាហ្សា អ៊ីស្រាអែល និងលីបង់ផងដែរ។
ដំណើរទស្សនកិច្ចនេះ នឹងជាលើកដំបូងរបស់លោក Starmer ទៅកាន់តំបន់ឈូងសមុទ្រ ចាប់តាំងពីលោកឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី កាលពីខែកក្កដា។ រដ្ឋាភិបាលរបស់លោក កំពុងព្យាយាមកែលម្អទំនាក់ទំនងជាមួយប្រទេសអារ៉ាប់រួម ដែលធ្លាប់មានភាពតានតឹងក្រោមរដ្ឋបាលមុន។
កាសែត Financial Times បានរាយការណ៍ថា រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman អាចនឹងធ្វើទស្សនកិច្ចនៅទីក្រុងឡុងដ៍នៅឆ្នាំក្រោយ។ ចំណែកឯ អធិរាជរបស់ប្រទេសកាតា Sheikh Tamim bin Hamad Al Thani នឹងទៅបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស នៅដើមខែធ្នូ។
ចក្រភពអង់គ្លេស ក៏កំពុងចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលរួមមាន បារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version