Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើក្រុមហេសបូឡា ដែលនៅភាគខាងត្បូងរដ្ឋធានី Beirut!

អ៊ីស្រាអែលបានបន្តវាយប្រហារលើសំបុករបស់ក្រុមហេសបូឡា ដែលនៅភាគខាងត្បូងរដ្ឋធានី Beirut នៃប្រទេសលីបង់ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ពីការប្រយុទ្ធគ្នាដ៏តានតឹង នៅឯតំបន់ព្រំដែន ហើយយោធាអ៊ីស្រាអែល បានអះអាងថា រ៉ុក្កែតប្រហែល២៥០គ្រាប់ ត្រូវបានបាញ់មកលើទឹកដីរបស់ខ្លួន។ ប្រភពពីព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនេះរវាងភាគីទាំងពីរ គឺបន្តប្រព្រឹត្តទៅ បើទោះបីជាប្រមុខការទូតរបស់សហភាពអឺរ៉ុប លោក Josep Borrell បានព្យាយាមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ រវាងអ៊ីស្រាអែលនិងហេសបូឡាក៏ដោយ អំឡុងពេលដែលលោក មកបំពេញទស្សនកិច្ចនៅប្រទេសលីបង់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
យោធាអ៊ីស្រាអែល បានប្រាប់ថា ក្រុមហេសបូឡា បានបាញ់រ៉ុក្កែតប្រហែល២៥០គ្រាប់ចូលមកអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។ រ៉ុក្កែតមួយចំនួនត្រូវបានបាញ់ស្ទាក់ដោយប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលប៉ុន្តែមួយចំនួនបានធ្លាក់ចំលំនៅដ្ឋាននៅឯភាគកណ្តាលប្រទេស។កាលពីខែកញ្ញាក្រុមហេសបូឡាធ្លាប់បាញ់រ៉ុក្កែតប្រមាណ៣៥០គ្រាប់លើអ៉ីស្រាអែលពោលគឺនៅពេលជម្លោះចាប់ផ្តើមកើនឡើងកម្តៅឆ្ពោះទៅរកសង្រ្គាម។
ចំណែកនៅលីបង់វិញក្នុងថ្ងៃអាទិត្យដដែលគឺមួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល ដែលក្រសួងសុខាភិបាលលីបង់អះអាងថាបានសម្លាប់មនុស្ស៨៤នាក់ គឺអ៉ីស្រាអែលបានធ្វើសកម្មភាពវាយប្រហារម្តងទៀត នៅតំបន់ជាយភាគខាងត្បូងទីក្រុង Beirut ដែលជាមូលដ្ឋានរបស់ក្រុមហេសបូឡា។ អំឡុងពេលមួយសប្តាហ៍កន្លងទៅនេះ អ៊ីស្រាអែល ក៏បានវាយប្រហារចំកណ្តាលទីក្រុង Beirut តែម្តង ផងដែរ។
គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលនៃប្រទេសលីបង់ ជម្លោះរវាងអ៊ីស្រាអែលនិងហេសបូឡា បានផ្តាច់ជីវិតមនុស្ស យ៉ាងហោច ៣ ៧៥៤នាក់ នៅលីបង់ គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ប៉ុន្តែភាគច្រើននៃអ្នកស្លាប់គឺចាប់តាំងពីខែកញ្ញាឆ្នាំនេះជាពេលដែលជម្លោះរវាងភាគីទាំងពីរបានវិវត្តក្លាយទៅជាសង្រ្គាមពេញទំហឹង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version