Update៖ ទាហានជើងទឹកមីយ៉ាន់ម៉ា បាញ់ប្រហារលើក្រុមទូកនេសាទថៃ ស្លាប់ម្នាក់!

អ្នកនាំពាក្យក្រសួងការពារជាតិថៃ កាលពីថ្ងៃសៅរ៍(ទី៣០ខែវិច្ឆិកា) នេះបានឱ្យដឹងថាទាហានជើងទឹកនៃប្រទេសមីយ៉ាន់ម៉ា បានបាញ់ប្រហារមកលើទូកនេសាទថៃមួយក្រុមជាហេតុបង្កឱ្យអ្នកនេសាទថៃម្នាក់លង់ទឹកស្លាប់ នឹងបានឃាត់ខ្លួន៣១នាក់ផ្សេងទៀត នៃទូកនេសាទមួយក្នុងចំណោមនោះ។

ប្រភពពីសារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយថាទូកនេសាទ២គ្រឿងក្នុងចំណោម១៥គ្រឿងបានរងការបាញ់ប្រហារ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពនៅចម្ងាយចន្លោះ ជាង៧-១០គីឡូម៉ែត្រក្នុងដែនទឹករបស់មីយ៉ាន់ម៉ា។ អ្នកនេសាទ ៣នាក់បានលោតចូលទៅក្នុងទឹកអំឡុងឧប្បត្តិហេតុនោះហើយម្នាក់ក៏បានលង់ទឹកស្លាប់ ខណៈ២នាក់ទៀតត្រូវបានជួយសង្រ្គោះដោយកងទ័ពជើងទឹកថៃ។ទូកនេសាទថៃ១គ្រឿងដែលផ្ទុកអ្នកនេសាទ៣១នាក់ត្រូវបានកងទ័ពជើងទឹកមីយ៉ាន់ម៉ាឃាត់ទុក។ បើតាមអ្នកនាំពាក្យខាងលើកងទ័ពជើងទឹកថៃ កំពុងស្ថិតក្នុងការចរចាដើម្បីធានាការដោះលែងពួកគេមកវិញ។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃ ក្រសួងក៏កំពុងសហការជាមួយអាជ្ញាធរនៅមីយ៉ាន់ម៉ាផងដែរ ដើម្បីព្យាយាមសម្រេចឱ្យបាន ការដោះលែងអ្នកនេសាទថៃទាំងនោះព្រមទាំងវាយតម្លៃថា តើមានការបំពានច្បាប់អន្តរជាតិណាមួយ កើតឡើងដែរឬអត់។ ដោយឡែក មន្ទីរនេសាទថៃ នៅខេត្ត Ranong ភាគខាងត្បូង ដែលមានព្រំប្រទល់សមុទ្រ ជាប់ជាមួយមីយ៉ាន់ម៉ា បានទទូចឱ្យទូកនេសាទថៃទាំងឡាយ មានការប្រុងប្រយ័ត្នពេលធ្វើដំណើរ នៅក្បែរខ្សែបន្ទាត់ព្រំដែន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version