ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ខេត្តកំពង់ចាម!

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ខេត្ត កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ៖

-សម្តេចបតី ហ៊ុន ម៉ាណែត បានថ្លែងថាដំណើរបំពេញការងារនៅខេត្តកំពង់ចាមនាព្រឹកនេះ ត្រជាក់ផងរងារផង។ ត្រជាក់ព្រោះអាកាសធាតុកក់ក្តៅព្រោះបានមកដល់ស្រុកកំណើតរបស់ឪពុកក៏ដូចជាស្រុកកំណើតរបស់សម្តេច។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបញ្ចប់ការវាស់វែងដីធ្លីនៅខេត្តកំពង់ចាម គឺជាសមិទ្ធផលមួយកើតចេញពីសុខសន្តិភាព។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលេចពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅស្ទឹងត្រង់ និងតភ្ជាប់ទៅតំបន់ផ្សេងៗ រួមមានស្ពាន និងផ្លូវ រួមទាំងស្ពានឆ្លងទន្លេនៅខេត្តក្រចេះ។ សម្តេចមហាបវរធិបតីបញ្ជាក់ថា បន្តិចម្តងៗ កិច្ចអភិវឌ្ឍន៍នៅកម្ពុជាដើរទៅមុខជានិច្ច។ ធ្វើយ៉ាងណាកុំឱ្យដើរត្រឡប់ទៅក្រោយវិញ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះពលរដ្ឋអ្នកស្រុកស្ទឹងត្រង់ ដែលតែងតែគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោនាពេលកន្លងមក។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការគាំទ្ររបស់ប្រជាពលរដ្ឋនៅស្ទឹងត្រង់ ជាការផ្តល់យុត្តិធម៌ចំពោះការដឹកនាំរបស់សម្តេចតេជោ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្លើយតបការគាំទ្រ និងការផ្តល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលប្រឹងប្រែងអភិវឌ្ឍន៍ជាតិ និងដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងចេះតែចោទរាជរដ្ឋាភិបាលលួចប្លន់ដីប្រជាពលរដ្ឋ តែមិនមើល និងមិនលើកឡើងរឿងរាជរដ្ឋាភិបាលចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរាប់សិបម៉ឺនក្បាលដីនោះទេ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលនៃការវាស់វែងដីជូនប្រជាពលរដ្ឋនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ព្រោះតែការបញ្ចប់សង្គ្រាម និងការបែកបាក់ជាតិ។ បើគ្មានសុខសន្តិភាព និងមិនអាចបញ្ចប់ការបែបបាក់ជាតិ គឺមិនអាចដំណើរការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនោះឡើយ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយរំដោះប្រទេសចេញពីរបបខ្មែរក្រហម ដីធ្លីមិនទាន់បែងចែកកម្មសិទ្ធិនៅឡើយនោះទេ។ ឆ្នាំ១៩៨៩ ទើបសម្តេចតេជោ សម្រេចធ្វើកំណេទម្រង់បែងចែកកម្មសិទ្ធិជូនប្រជាពលរដ្ឋ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលសុខសន្តិភាពមិនត្រឹមបញ្ចប់ការប្រយុទ្ធគ្នាប៉ុណ្ណោះទេ តែក៏បានផ្តល់ឱកាសវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋមានឱកាសធ្វើសកម្មភាពសេដ្ឋកិច្ច។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តយកចិត្តទុកដាក់ប្រែក្លាយដីខ្មែរដែលធ្លាប់តែរងសោកនាដកម្ម ទៅជាដីសុខដុមនីយកម្ម។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពេលមានប្លង់រឹងរួចរាល់ហើយ មិនមាននរណាមកយកដីប្រជាពលរដ្ឋបានទៀតនោះឡើយ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវាស់វែងដីធ្លីធ្វើឱ្យការគ្រប់គ្រងដីមានភាពច្បាស់លាស់ បញ្ចប់ជម្លោះប្រជាពលរដ្ឋ និងកសាងផែនការអភិវឌ្ឍន៍មានភាពងាយស្រួល។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១៦ខែនៃនីតិកាលទី៧ រាជរដ្ឋាភិបាល បានវាស់វែងចុះបញ្ជីក្បាលដីបានជាង៣លានក្បាលដី និងចេញបណ្ណកម្មសិទ្ធិបាន៨ម៉ឺន ៧ពាន់ក្បាលដី និងនៅសល់ប្រមាណ ១លាន ៣សែនក្បាលដី មិនទាន់វាស់វែង ហើយគ្រោងបញ្ចប់ការវាស់វែងនៅឆ្នាំ២០២៥។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈលទ្ធផលការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ បង្ហាញថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើការងារពិត ទទួលបានលទ្ធផលជាក់ស្តែង មិនធ្វើតែលើក្រដាស ធ្វើតែលើក្បាលមេក្រូ ឬធ្វើតាមហ្វេសប៊ុកនោះទេ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សំណើសុំទទួលដីសម្បទានសង្គមកិច្ចកុំព្យាយាមរត់ការផ្លូវកាត់ ត្រូវរត់ពីតាមយន្តការពីថ្នាក់ក្រោមជាតិទៅ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសមត្ថកិច្ចយកចិត្តទុកដាក់បង្ក្រាបបទល្មើសលើបច្ចេកវិទ្យា។ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា បទល្មើសបច្ចេកវិទ្យាជាបញ្ហាសកល។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅថ្ងៃខាងមុខរាជរដ្ឋាភិបាល នឹងរៀបចំចងភ្ជាប់ប្រព័ន្ធទិន្នន័យរបស់ស្ថាប័នរដ្ឋជាមួយគ្នា ដើម្បីបង្កភាពងាយស្រួលក្នុងការទាញយកព័ត៌មាន។

-សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋរួមគ្នាបញ្ចប់វិវាទដីធ្លី តាមរយៈការបញ្ឈប់ការចូលកាន់កាប់ដីធ្លីរបស់រដ្ឋដោយខុសច្បាប់។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនមែនអមនុស្សធម៌ចំពោះប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាដីធ្លីនោះទេ តែត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់ ដោយមិនត្រូវគ្រប់គ្រងដោយខុសច្បាប់នោះឡើយ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុំជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាល ដឹកនាំគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍ ដើម្បីប្រជាពលរដ្ឋ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតេជោ ធ្លាប់បានលើកទ័ពការពារទឹកដី ដែលជាការបង្ហាញច្បាស់ថារាជរដ្ឋាភិបាលមានឆន្ទៈការពារទឹកដីនៅសល់ទៅតាមច្បាប់។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនលេងល្បែងក្នុងជម្លោះទឹកដីជាមួយប្រទេសជិតខាង តាមការបំផុសរបស់ក្រុមជ្រុលនិយមនោះឡើយ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា តែងឈ្នះក្រុមប្រឆាំង ព្រោះរាជរដ្ឋាភិបាលធ្វើពិត ហុចផលពិតជូនប្រជាពលរដ្ឋ។ សម្តេចតេជោ បានតស៊ូពិតដើម្បីជាតិ និងប្រជាពលរដ្ឋ រស់នៅជាមួយប្រជាពលរដ្ឋ អត់មានលិខិតឆ្លងដែនពីរនោះទេ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយមិនត្រូវចូលរួមធ្វើសកម្មភាពដុតបំផ្លាញប្រទេសនោះឡើយ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ការីករបស់កម្ពុជា គឺរីកនៃការបម្រើ រីកនៃការផ្តល់ប្រយោជន៍ រីកនៃការអភិវឌ្ឍន៍ និងសុំពលរដ្ឋកុំចូលរួមចលនា «ផ្ការីក» ដែលបំផ្លាញជាតិនាំសោកនាដកម្មសម្រាប់ជាតិ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បន្តជំរុញការចុះបញ្ជីដីធ្លី បង្ហើយឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥។ រដ្ឋបាលខេត្តត្រូវចូលរួមអនុវត្តកិច្ចការនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្នើសុំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចុះចែកបណ្ណកម្មសិទ្ធិឱ្យដល់ដៃប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋបន្តខិតខំប្រើប្រាស់ដីរបស់ខ្លួនក្នុងការបង្កបង្កើនផល ក៏ដូចជាក្នុងការប្រកបអាជីវកម្ម ឱ្យអស់សក្តានុពល ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចឱ្យបានជាអតិបរមា ជា ពិសេសសម្រាប់ខេត្តកំពង់ចាម ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម កសិ-ឧស្សា ហ កម្ម និង ការកែច្នៃកសិផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តរៀបចំប្លង់គោលប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់សម្រាប់រយៈពេលវែង ដែលត្រូវរក្សាឱ្យមានតុល្យភាពសម្រាប់ការរស់នៅ, ការប្រកបការងារ និង ការកម្សាន្ត តាមរយៈ ការរៀបចំបំពេញឱ្យគ្នានូវសេដ្ឋកិច្ច បរិស្ថាន និង ការអភិវឌ្ឍដោយចីរភាព។ លើកិច្ចការនេះ ខ្ញុំស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចូលរួមឱ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំប្លង់គោលប្រើប្រាស់ដី ការរៀបចំក្រុង ទីប្រជុំជន សម្រេចបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីឱ្យប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយសុខដុមរមនីយកម្ម និងស៊ីវិល័យ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ប្រែក្លាយទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់ ដោយឈរលើគោលនយោបាយ និង ផែនការសកម្មភាពជាក់ស្តែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង និង មានភាតរភាពជាបងប្អូន។

-សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានី-ខេត្ត ជំរុញការកសាងផែនការ ប្រើប្រាស់ដី បង្កើតជា របៀង សេដ្ឋកិច្ច ឱ្យស្របតាមសក្តានុពលអំណោយផលពីធម្មជាតិនៃធនធានដី ទៅតាម ភូមិសាស្រ្តដែលអាចបង្កើតផលិតកម្មស៊ីសង្វាក់តាមវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា កសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ជាដើម ដែលអាចបង្កើនតម្លៃ សេដ្ឋកិច្ចឱ្យកាន់តែខ្ពស់ និងឈានទៅបង្កើនចំណូលរបស់ប្រជាជន ប្រែក្លាយសក្តា នុពល នេះទៅជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាឧទាហរណ៍ខេត្តកំពង់ចាម ជាតំបន់វាល ទំនាបកណ្តាលនៃទន្លេមេគង្គ អាចរៀបចំជារបៀងយុទ្ធសាស្ត្រ ត ភ្ជាប់ភូមិភាគឦ សាន មកតំបន់សក្តានុពល កណ្តាល នៃកម្ពុជា ភ្ជាប់ទៅរាជធានីភ្នំពេញផង និងជាប់ខេត្តជុំវិញបឹងទន្លេសាបផង។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋបាលខេត្តកំពង់ចាម ត្រូវយកចិត្តទុក ដាក់ លើសក្តានុពលកសិ-ឧស្សាហកម្ម ដើម្បីជំរុញឱ្យខេត្តនេះក្លាយជាមជ្ឈមណ្ឌល កែច្នៃ ផលិតផល អនុផលពីសត្វ ក៏ដូចជា កសិ-ឧស្សាហកម្ម ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ឱ្យបានច្រើនថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version