(ភ្នំពេញ)៖ នគរបាលរាជធានី ភ្នំពេញនាព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤បានបង្ហាញមុខជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធបទល្មើសផ្សេងគ្នា ។
មន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា ដោយដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ សហការជាមួយអធិការដ្ឋានទាំង១៤ តែងតែចុះល្បាត ពួនស្ទាក់គ្រប់ពេលវេលា ក្នុងការទប់ស្កាត់បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីរក្សាបាននូវគោលការណ៍ភូមិ សង្កាត់ មានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
មន្ត្រីដដែលបានបន្តថារយៈពេលប៉ុន្មានថ្ងៃនេះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញសហការជាមួយអធិការដ្ឋាននគរបាលចំនួន៥ខណ្ឌគឺ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញនិងខណ្ឌកំបូល បានបង្ក្រាបក្រុមជនសង្ស័យ ចំនួន២២នាក់ ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា មានដូចជាករណីលួច ឆក់ប្លន់ គាស់ផ្ទះលួចទ្រព្យសម្បត្តិបជាដើម ។នគរបាលរាជធានី ភ្នំពេញបាន បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ២២នាក់ គឺមាន ជនសង្ស័យ ៣នាក់ ករណីធាក់ផ្តួលម៉ូតូប្លន់ និង ឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរនគរបាលរាជធានី ភ្នំពេញ ស្រាវជ្រាវបង្ក្រាបបាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕