Update៖ លម្អិតករណីធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ចំនួនអ្នកស្លាប់កើនដល់ជិត១៨០នាក់!

ចំនួនអ្នកស្លាប់ បន្តកើនឡើងជិត១៨០នាក់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះដឹកអ្នកដំណើរ១៨១នាក់ នៅភាគនិរតីប្រទេសកូរ៉េខាងត្បូង កាលថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤។

ប្រភពពីសារព័ត៌មាន AFP។

អាជ្ញាធរបានឱ្យដឹងថា មកទល់ពេលនេះ មនុស្សជិត១៨០នាក់ បានបាត់បង់ជីវិត ខណៈ៣នាក់ត្រូវបានជួយសង្រ្គោះ។
តួលេខអ្នកស្លាប់ អាចនឹងបន្តកើនថែមទៀត។
គ្រោះថ្នាក់ខាងលើ បានកើតឡើង ដោយយន្តហោះមួយគ្រឿង របស់ ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ព្យាយាមចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Muan។
បើតាមឃ្លីបវីដេអូ ចែកចាយលើបណ្តាញសង្គម គេមើលឃើញ អំឡុងពេលចុះចត តួខ្លួនរបស់យន្តហោះដែលជួបគ្រោះថ្នាក់ នៅអូសជាប់នឹង ផ្លូវចុះចតផ្ទាល់តែម្តង ហើយយន្តហោះនោះ បានបោះពួយយ៉ាងលឿនហួសផុតចេញពីផ្លូវ រហូតទីបំផុតទៅបុកជាមួយជញ្ជាំងការពារ ជាហេតុបណ្តាលឱ្យផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap គ្រោះថ្នាក់នោះ ទំនងជាបានកើតឡើង ក្រោយការប៉ះទង្គិចជាមួយ ហ្វូងសត្វបក្សី ជាហេតុបង្កឱ្យម៉ាស៉ីន និងកង់យន្តហោះមានបញ្ហា អំឡុងពេលវាព្យាយាមចុះចត នៅព្រលានយន្តហោះខាងលើ។
យន្តហោះនោះ ជាប្រភេទ Boeing 737-800 មានគោលដៅហោះហើរ ចេញពីទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះមកកាន់កូរ៉េខាងត្បូង ជាមួយ អ្នកដំណើរសរុប១៧៥នាក់ និងក្រុមការងារយន្តហោះចំនួន៦នាក់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version