ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ព្យាយាមអនុវត្តដីកាចាប់ខ្លួនលោកYoon Suk Yeol ជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច ត្រូវបានរារាំងដោយកងអង្គរក្សការពារប្រធានាធិបតី នៅខាងក្រៅនិវេសនដ្ឋានរបស់ប្រធានាធិបតី នៅថ្ងៃសុក្រ ទី៣ ខែមករា។
ប្រភពពីសារព័ត៌មាន AFP។
ក្រុមអ្នកស៊ើបអង្កេតដែលដឹកនាំដោយការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ហៅកាត់ថា CIO បានបង្ហាញដីកាចាប់ខ្លួនលោក Yoon ចេញដោយតុលាការ និងការអនុញ្ញាតឆែកឆេរនិវេសនដ្ឋានប្រធានាធិបតី។ ប៉ុន្តែប្រធានកងអង្គរក្សការពារប្រធានាធិបតី លោក Park Chong-jun បានបដិសេធមិនឱ្យក្រុមអ្នកស៊ើបអង្កេតចូល ដោយសំអាងលើការរឹតត្បិតចំពោះតំបន់សុវត្ថិភាព។រដ្ឋអាជ្ញាមកពីអង្គភាព CIO និងក្រុមអ្នកស៊ើបអង្កេតបានប្រឈមមុខជាមួយកងអង្គរក្សប្រធានាធិបតីនៅខាងមុខ និវេសនដ្ឋាន បន្ទាប់ពីបានឆ្លងរនាំងការពារទី១ និងទី២៕