សម្តេចធិបតី ក្រើនរំឮកដល់ក្មួយៗត្រូវស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម!

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសួរសុខទុក្ខនិងប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សរុបចំនួន ៣៥០នាក់ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្នុងពិធីសំណេះសំណាលប្រកបដោយ ក្តីអាណិតស្រឡាញ់ ជាមួយស្នាមញញឹម ដែលពោពេញទៅដោយភាពកក់ក្តៅនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានពាំនាំការសួរសុខទុក្ខ ដោយនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ពិការភ្នែក និងគថ្លង់ ដែលកំពុងសិក្សានៅទីនេះទាំងអស់។
ក្នុងនោះសម្តេចបានសួរសុខទុក្ខអំពីស្ថានភាពរស់នៅ និងការសិក្សារៀនសូត្ររបស់ប្អូនៗ និងក្រើនរំឮកដល់ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម។
សម្តេចមានប្រសាសន៍ថា នេះជាលើកទី៤ហើយ ដែលបានអញ្ជើញមកជួបផ្ទាល់ជាមួយក្មួយៗសិស្សានុសិស្សនៅទីនេះ។ សម្តេចបានឲ្យដឹងថាកន្លងៗមកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែអញ្ជើញមកជួបប្អូនៗ និងជួយឧបត្ថម្ភគាំទ្រជាសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាជាប្រចាំដល់ក្មួយៗ ដែលមានពិការភាពនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ។ ក្នុងឱកាសឆ្នាំថ្មីនេះដែរ ដើម្បីលើកចិត្តដល់ក្មួយៗសិស្សានុសិស្សពិការភ្នែក និងគថ្លង់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏គ្រោងនិងរៀបចំដំណើរកម្សាន្តជូនដល់ក្មួយៗ ទៅលេងនៅខេត្តព្រះសីហនុផងដែរ នាពេលឆាប់ៗខាងមុខ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ កាយឫទ្ធីនារីកម្ពុជាជាបានមានប្រសាសន៍ថា នៅក្នុងវិទ្យាល័យនេះមានសមាជិកាកាយឫទ្ធិនារីកម្ពុជាចំនួន៦៣នាក់ ដោយនៅក្នុងខែមករា ២០២៥ សមាគម និងមានបើកវគ្គបណ្តុះបណ្តាលជូនដល់ក្មួយៗ ដែលជាសមាជិកាទៅតាមជំនាញផ្សេងៗ ដែលក្មួយៗចង់ចេះផងដែរ។
លោក ម៉ៅ ផាត នាយកវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បានឱ្យដឹងថា វិទ្យាល័យនេះបង្កើតឡើងជាដំបូងក្នុងឆ្នាំ១៩៩៤ មានឈ្មោះជាអង្គការគ្រួសារថ្មី ក្នុងគោលបំណងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលនៅជំរំភៀសខ្លួនសាយធូ ដើម្បីធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញ។ ក្រោយមកអង្គការគ្រួសារថ្មី ក៏ត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្លាយជាសាលាសម្រាប់ថែរក្សា និងបណ្ដុះបណ្ដាលកុមារកំព្រា ដែលមានពិការភាព រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ សាលាក៏បានប្តូរឈ្មោះមកជា «វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី» វិញ ដោយផ្ទេរការគ្រប់គ្រង មកនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា។ លោកនាយករូបនេះបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់ក្មួយនៅទីនេះ។
លោកនាយកបានបញ្ជាក់បន្ថែមថាកន្លងមកក្មួយៗ កុមារពិការភ្នែក និងកុមារគរថ្លង់នៅទីនេះ តែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែបានចុះជួបសំណេះសំណាល ផ្ដល់ចំណីអាហារសម្ភារសិក្សា និងការព្យាបាលជំងឺមាត់ធ្មេញតាមរយៈក្រុមគ្រូពេទ្យ TYDA ជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុងវិទ្យាល័យនេះ។
សូមបញ្ជាក់ថា៖ ក្រៅពីការជួបសួរសុខទុក្ខសំណេះសំណាល សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានរៀបចំអាហារថ្ងៃត្រង់មួយពេល និងផ្តល់អំណោយមនុស្សធម៌មួយចំនួនរួមមាន៖ លោកគ្រូអ្នកគ្រូ ១២៩នាក់ ក្នុងម្នាក់ៗថវិកា ៨០ម៉ឺនរៀល, ក្មួយៗសិស្សានុសិស្ស ៣០៦នាក់ ក្នុងម្នាក់ៗ ប៊ិច១ដើមសៀវភៅ២ក្បាល និងថវិកា១០ម៉ឺនរៀល, និស្សិតសាកលវិទ្យាល័យពិការ ៧នាក់ ម្នាក់ៗថវិកា ៤០ម៉ឺនរៀល។ ជូនវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ២០លានរៀល និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ២០លារៀល ថែមប៊ិច១ពាន់ដើម និងសៀវភៅ១ពាន់ក្បាល និងជូនរថយន្តវ៉ែនមួយគ្រឿងទៀត ដល់វិទ្យាល័យពិសេសអប់រំភ្នំពេញថ្មី សម្រាប់ដឹកសិស្សផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version