រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ សរុបចំនួន១,០៤៦ក្បាលដី

(ព្រះវិហារ)៖ ដើម្បីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ១៩៧៩ – ៧ មករា ២០២៥ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ សរុបចំនួន១,០៤៦ក្បាលដី លើផ្ទៃដី ទំហំជាង ២៥៧ហិកតា ជូនប្រជាពលរដ្ឋចំនួន៨គ្រួសារ ស្ថិតនៅក្នុងភូមិភារកិច្ច(តំបន់កូនភ្នំ) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នេះជាការលើកឡើងពីលោក គីម រីទ្ធី អភិបាលខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ អភិបាលខេត្តព្រះវិហារបានបន្តថា៖ កិច្ចការចែកវិញ្ញាបនបត្រនេះ គឺជាការបញ្ជាក់ពីការទទួលសិទ្ធិជាម្ចាស់អចលនវត្ថុ និងជាការបង្ហាញពីការចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតទៅលើការកែប្រែ និងបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងការការពារសិទ្ធិផ្ទះសម្បែង និងដីធ្លីរបស់ប្រជាពលរដ្ឋ។

លោក គីម រីទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារបាន បញ្ជាក់ថា ៖ ការចែកវិញ្ញាបនបត្រអចលនទ្រព្យមានសារៈសំខាន់ក្នុងការធានាសិទ្ធិជាម្ចាស់អចលនវត្ថុតាមច្បាប់ “ឆ្នាំ២០២៥ ខេត្តព្រះវិហារ នឹងក្លាយជាខេត្តប្លង់រឹងមុនគេ”។ វាជាការចូលរួមដ៏សំខាន់ក្នុងការចងសាមគ្គីភាព និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបន្តការប្រើប្រាស់ដីធ្លីតាមគោលការណ៍ច្បាប់ ដើម្បីរីកចម្រើនទៅអនាគត ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version