នៅថ្ងៃពុធនេះ(ទី៨ខែមករា)នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានរិះគន់ខ្លាំងៗ ទៅលើមហាសេដ្ឋី Elon Musk ដោយចោទប្រកាន់លោក ពីបទជ្រៀតជ្រែកក្នុងនយោបាយអឺរ៉ុប និងធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។
ថ្លែងក្នុងព្រឹត្តិការណ៍រំលឹកខួប ៥០ ឆ្នាំ នៃការស្លាប់របស់មេដឹកនាំផ្តាច់ការ Francisco Franco នៅទីក្រុងម៉ាឌ្រីដ លោក Sanchez បានរិះគន់យ៉ាងខ្លាំងចំពោះចលនាស្តាំនិយមអន្តរជាតិ ដោយប្រៀបធៀបទៅនឹងការគាំទ្ររបបណាស៊ី។
ក្នុងឱកាសនោះផងដែរ លោក Pedro Sanchez បានលើកឡើងថា «សិទ្ធិអន្តរជាតិ ដែលយើងធ្លាប់បានប្រឆាំងយ៉ាងស្វិតស្វាញ នៅក្នុងប្រទេសអេស្ប៉ាញ កំពុងតែវាយប្រហារស្ថាប័នរបស់យើងដោយបើកចំហ ញុះញង់ឱ្យមានការស្អប់ខ្ពើម និងគាំទ្រដល់អ្នកដែលដើរតាមគន្លងនៃលទ្ធិណាស៊ី នៅក្នុងប្រទេសអាល្លឺម៉ង់»។
លោកបានបន្ថែមថា «ចលនាស្តាំនិយមអន្តរជាតិមួយនេះ ដឹកនាំដោយបុរសមានបំផុតនៅលើភពផែនដី» ដោយសំដៅដោយប្រយោលទៅលើមហាសេដ្ឋី Elon Musk។
គួរជម្រាបថា ការរិះគន់នេះ កើតឡើងបន្ទាប់ពីមានការបញ្ចេញមតិ លើបណ្តាញសង្គម X ដោយលោក Elon Musk កាលពីថ្ងៃអាទិត្យ ជុំវិញអត្ថបទមួយ ដែលលើកឡើងថា ជនបរទេសភាគច្រើន ជាអ្នកប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ នៅតំបន់ Catalonia ភាគឦសាននៃប្រទេសអេស្ប៉ាញ។
ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា ជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងអឺរ៉ុប និងជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ៕