Update៖ មេដឹកនាំហ្គ្រីនឡែន នឹងជួបព្រះមហាក្សត្រដាណឺម៉ាក បន្ទាប់ពីលោក ត្រាំ អះអាងថានឹងកាន់កាប់កោះអាកទិក!

កាលពីថ្ងៃពុធ(ទី៨ខែមករា)មេដឹកនាំហ្គ្រីនឡែន បានគេរំពឹងថានឹងជួបពិភាក្សាជាមួយព្រះមហាក្សត្រដាណឺម៉ាក នៅទីក្រុង Copenhagen បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក បានលើកឡើងពីបំណងចង់កាន់កាប់កោះអាកទិកដ៏ធំមួយនេះ ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក។

ប្រភពពីសារព័ត៌មាន Reuters។

ប្រធានាធិបតីជាប់ឆ្នោត ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកនឹងមិនបដិសេធការប្រើប្រាស់កម្លាំងយោធា ឬសកម្មភាពសេដ្ឋកិច្ចដើម្បីធ្វើឱ្យហ្គ្រីនឡែន ក្លាយជាផ្នែកមួយនៃអាមេរិកនោះទេ។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតីជាប់ឆ្នោតនេះ បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ថ្លែងកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយ វាយប្រហារលើព្រំដែនអធិបតេយ្យភាពរបស់ខ្លួនឡើយ។ លោក Barrot បញ្ជាក់បន្ថែមថា លោកមិនជឿថា សហរដ្ឋអាមេរិកនឹងឈ្លានពានហ្គ្រីនឡែន ដែលជាផ្នែកមួយនៃប្រទេសដាណឺម៉ាក អស់រយៈពេលជាង ៦០០ ឆ្នាំមកហើយនោះទេ។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា អាល្លឺម៉ង់ឈរលើគោលការណ៍អន្តរជាតិ ដែលថាព្រំដែនមិនត្រូវផ្លាស់ប្តូរដោយបង្ខំ។
អង្គការណាតូ មិនទាន់ឆ្លើយតបភ្លាមៗ ចំពោះការលើកឡើងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក។ ដាណឺម៉ាក ជាសមាជិកទាំងសហភាពអឺរ៉ុបនិងណាតូ។ ចំណែកហ្គ្រីនឡែន ដែលមានប្រជាជន ៥៧,០០០ នាក់ និងផ្ទៃដីជាង ២ លានគីឡូម៉ែត្រការ៉េ មិនមែនជាសមាជិកសហភាពអឺរ៉ុបទេ តែជាសមាជិកណាតូ តាមរយៈទំនាក់ទំនងជាមួយដាណឺម៉ាក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version