កាលពីថ្ងៃព្រហស្បតិ៍(ទី៩ខែមករា)ក្រុមអ្នកពន្លត់អគ្គិភ័យនៅតែព្យាយាមពន្លត់អណ្ដាតភ្លើងដែលកំពុងរាលដាលខ្លាំងដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃធំៗជាបន្តបន្ទាប់នៅក្នុងតំបន់ Los Angeles ដែលបានសម្លាប់មនុស្ស ៦ នាក់រួចទៅហើយ បំផ្លិចបំផ្លាញសហគមន៍ចាប់ពីឆ្នេរសមុទ្រប៉ាស៊ីហ្វិក ទៅដល់ តំបន់ប៉ាសាដេណា (Pasadena) ហើយបានតម្រូវឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ។
នគរបាលបាលក្រុង Los Angeles បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។
ខ្យល់បក់បោកខ្លាំងដែលបានជំរុញឱ្យមានអណ្តាតភ្លើងរាលដាលកាន់តែខ្លាំងក្លា និងនាំឱ្យមានការជម្លៀសដ៏វឹកវរបានស្ងប់ស្ងាត់បន្តិច ហើយមិនត្រូវបានគេរំពឹងថានឹងមានកម្លាំងខ្លាំងដូចនៅពេលថ្ងៃនោះទេ។ នោះអាចឱ្យក្រុមអ្នកពន្លត់អគ្គិភ័យមានឱកាសទប់ស្កាត់អណ្ដាតភ្លើងដែលបានឆាបឆេះពាសពេញតំបន់ដ៏ធំនេះ រួមទាំងទីតាំងធំៗផ្សេងទៀតនៅតំបន់ប៉ាស៊ីហ្វិក ប៉ាលីសេដ (Pacific Palisades និង អាល់តាដេណា (Altadena) ។
ក្រុមមន្ត្រីស្រុក Los Angeles និយាយថា ការជូនដំណឹងអំពីការជម្លៀសចេញសម្រាប់អ្នកស្រុកនៅជិតភ្លើងឆេះព្រៃ Kenneth Fire នៅក្នុងតំបន់ West Hills ត្រូវបានបញ្ជូនខុសនៅទូទាំងស្រុកកាលពីរសៀលថ្ងៃព្រហស្បតិ៍។
ក្រុមមន្ត្រីបាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថាការជូនដំណឹងនេះគឺមានគោលបំណងសម្រាប់តែអ្នកស្រុក កាឡាបាសាស់ (Calabasas)និង អាហ្គូរ៉ា ហៀល (Agoura Hills) ប៉ុណ្ណោះ។ការិយាល័យរបស់លោកស្រីអនុប្រធានាធិបតី Kamala Harris បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីលុបចោលដំណើរទៅក្រៅប្រទេសចុងក្រោយនៃអាណត្តិរបស់លោកស្រី ដោយសារតែភ្លើងឆេះព្រៃនៅក្នុងរដ្ឋ California ដែលជាស្រុកកំណើតរបស់លោកស្រីផងដែរ៕