Update៖ លោក ហ្សេលេនស្គី ស្នើឱ្យសម្ព័ន្ធមិត្តគោរពការសន្យាដែល ផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន!

កាលពីថ្ងៃអាទិត្យ(ទី១២ ខែមករា) ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសឱ្យបណ្តាលសម្ព័ន្ធមិត្ត គោរពតាមពាក្យសន្យារបស់ខ្លួន ស្តីពីការផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន ក្នុងនោះរួមមានអាវុធ សម្រាប់ទប់ទល់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី។
ប្រភពពីសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បាននិយាយថា អំឡុងពេល១សប្តាហ៍កន្លងទៅនេះ រុស្ស៊ីធ្វើការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើក មកលើអ៊ុយក្រែនដោយប្រើគ្រាប់បែកជិត៧០០គ្រាប់ និងដ្រូនជាង៦០០គ្រឿង។ នៅថ្ងៃដដែលនោះ កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានអះអាងថា ពួកគេបានបាញ់ស្កាត់ដ្រូន៦០គ្រឿង ក្នុងចំណោម ៩៤គ្រឿងថ្មីទៀត ដែលបាញ់មកពីរុស្ស៊ី ខណៈ៣៤គ្រឿង ត្រូវបង្វែរគោលដៅ ដោយប្រើយុទ្ធវិធីអេឡិចត្រូនិក។
លោកប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះសារលើប្រព័ន្ធ Telegram ថា រៀងរាល់សប្តាហ៍ រុស្ស៊ីនៅតែបន្តរក្សាសមត្ថភាពរបស់ខ្លួន ក្នុងការបំភិតបំភ័យអ៊ុយក្រែន។ ហេតុដូច្នេះហើយ លោកបានប្រកាសឱ្យសម្ព័ន្ធមិត្តទាំងអស់គោរពតាមការព្រមព្រៀងនានា ដែលសម្រេចបានកន្លងមក ក្នុងនោះមាន ទាំងការសម្រេចចិត្ត អំឡុងកិច្ចប្រជុំកំពូល NATO នៅទីក្រុងវ៉ាស៉ីនតោន ហើយនិងអំឡុងកិច្ចប្រជុំជាបន្តបន្ទាប់ នៅមូលដ្ឋានយោធា Ramstein នៃប្រទេសអាល្លឺម៉ង់ ពាក់ព័ន្ធទៅការផ្តល់ប្រព័ន្ធការពារដែនអាកាស ឱ្យអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version