Update៖ រុស្ស៊ី អះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៩គ្រឿង ដែលព្យាយាមវាយប្រហារលើបំពង់បង្ហូរឧស្ម័ន!

កាលពីថ្ងៃចន្ទ (ទី១៣ ខែមករា) រុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៩គ្រឿង ដែលព្យាយាមវាយប្រហារលើរចនាសម្ព័ន្ធមួយផ្នែកនៃបំពង់ TurkStream ដែលនាំឧស្ម័នរុស្ស៊ីទៅកាន់តួកគី និងអឺរ៉ុប។ ប្រភពពីសារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា ការវាយប្រហារនោះសំដៅទៅលើស្ថានីយបង្ហាប់ ក្នុងតំបន់ Krasnodar ភាគខាងត្បូងប្រទេស ហើយមិនមានអ្នករងរបួសទេ។ បំណែកធ្លាក់ពីដ្រូនមួយគ្រឿង ធ្វើឱ្យខូចខាតអគារស្ថានីយបន្តិចបន្តួច និងឧបករណ៍វាស់ស្ទង់ឧស្ម័ននៃម៉ាស៉ីនបង្ហាប់ ប៉ុន្តែត្រូវបានជួសជុលវិញយ៉ាងឆាប់រហ័ស។ ស្ថានីយបង្ហាប់ត្រូវបានប្រើ ដើម្បីរក្សាលំនឹងសម្ពាធ និងអត្រាលំហូរឧស្ម័ន។
បំពងឧស្ម័ន TurkStream និង Blue Stream ដែលរត់កាត់ក្រោមសមុទ្រខ្មៅ គឺជាផ្លូវចុងក្រោយរបស់រុស្ស៊ីសម្រាប់ការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប បន្ទាប់ពីអ៊ុយក្រែនមិនបន្តកិច្ចព្រមព្រៀងបញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់ដឹកដីរបស់ខ្លួន។ បំពង់ TurkStream ហូរនាំឧស្ម័នចេញពីស្ថានីយ៍បង្ហាប់ Russkaya ខាងក្រៅទីក្រុង Anapa របស់រុស្ស៊ីទៅកាន់តំបន់ Kıyıköy របស់តួកគី ហើយបន្តទៅអឺរ៉ុប។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version