(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦.០១.២០២៥ បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារនៃសពបុគ្គលិកសម្អាតមីនចំនួន២នាក់ ដែលស្លាប់ដោយសារផ្ទុះគ្រាប់មីន ក្នុងពេលបំពេញកិច្ចការងារ។
-សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា ខ្ញុំនិងភរិយា មានសេចក្តីតក់ស្លុត និងសោកស្តាយក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនៃ មរណភាពរបស់ លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:៤៥ នាទីព្រឹក។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងការស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់នូវកូន បងប្អូន ជាទីស្រលាញ់បំផុត ដែលប្រកបដោយសង្គហធម៌ ជាពិសេសគឺការបាត់បង់នូវអ្នកឯកទេសបោសសំអាតមីន ពីររូបដ៏អង់អាចក្លាហាន ដែលតែងតែធ្វើពលិកម្មគ្រប់បែបយ៉ាងដោយឆន្ទៈមនសិការដ៏មោះមុតប្រកបដោយ សេចក្តីទទួលខុសត្រូវក្នុងបុព្វហេតុសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា តាមរយៈការរុករក និងកម្ចាត់ចោលនូវគ្រាប់មីន និងកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដែលនៅសេសសល់ចេញពី ព្រះរាជាណាចក្រកម្ពុជា។
ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកលោកស្រី ជាក្រុមគ្រួសារនៃសព ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំនិង ភរិយា៕