កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានអះអាងថា កិច្ចព្រមព្រៀងបទឈប់បាញ់និងដោះលែងចំណាប់ខ្មាំង រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មិនអាចសម្រេចបាននោះឡើយ ប្រសិនបើគ្មានការដាក់សម្ពាធពីរូបលោក និងក្រុមការងារនៃអនាគតរដ្ឋបាលរបស់លោក។
ប្រភពពីសារព័ត៌មាន AFP។
រយៈពេល៤ថ្ងៃ មុនត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ជាលើកទី២ លោក ត្រាំ បាននិយាយថា កិច្ចចរចាមុខជា នឹងគ្មានថ្ងៃសម្រេចបានឡើយ បើគ្មានការដាក់សម្ពាធពីក្រុមរបស់លោកទេនោះ រួមទាំងបេសកជនមជ្ឈិមបូព៌ា លោក Steve Witkoff។ លោក ត្រាំ ក៏បានរិះគន់ប្រធានាធិបតីអាមេរិក លោក បៃដិន ផងដៃរ
ដោយចោទថា លោក បៃដិន មិនបានធ្វើអ្វីទាល់តែសោះ។ លោក បៃដិន ធ្លាប់បានទទូចឱ្យមានបទឈប់បាញ់តាំងតែពីខែឧសភា ឆ្នាំមុនដោយមានលក្ខខណ្ឌស្រដៀងគ្នា ទៅនឹងកិច្ចព្រមព្រៀង ដែលសម្រេចបាន ក្នុងសប្តាហ៍នេះ។
បទឈប់បាញ់នោះ ស្នើឱ្យមានការផ្អាកប្រយុទ្ធគ្នាជាជំហានដំបូង រយៈពេល៤២ថ្ងៃ ហើយអំឡុងពេលនោះ នឹងមានការដោះលែងអ្នកទោស៣៣នាក់ ព្រមទាំងការដកថយកងកម្លាំងអ៉ីស្រាអែល ចេញពីកន្លែងមានប្រជាជនប្រមូលផ្តុំ របស់តំបន់ហ្កាហ្សា។ បើតាមលោក បៃដិន ដំណាក់កាលទី២នៃកិច្ចព្រមព្រៀង អាចនឹងនាំមក នូវការបិទបញ្ចប់ទាំងស្រុងនៃសង្រ្គាមហ្កាហ្សា តែម្តង៕