សម្ដេចតេជោ អនុញ្ញាតឱ្យឯកឧត្តម ជែម កាម៉ាល់ ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាននៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងនូវក្តីរំពឹងថា ទស្សនកិច្ចការងារ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១នេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-ប៉ាគីស្ថានបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេច បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីការកំណត់យកការទូតសភា ជាអាទិភាពការងារមួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចខិតខំពង្រឹងការងារការទូត នៅក្នុងបរិបទពិភពលោកលោកបច្ចុប្បន្ន ដែល មានការវិវត្តប្រែប្រួលឆាប់រហ័ស ស្មុគស្មាញ មិនប្រាកដប្រជា និងវិលវល់ចុះឡើង។

នៅក្នុងឱកាសជំនួបនេះ ឯកឧត្តម Jam Kamal Khan បានសម្តែងនូវ ក្តីសោមនស្សរីករាយ កិត្តិយសក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ដែលបានជួយរួមចំណែក ដល់ការពង្រីងនិងពង្រីកទំនាក់ទំនងដ៏យូរអង្វែងនៃ ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការអបអរសាទរចំពោះភាពរីកចម្រើនអស្ចារ្យរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាប សម្តេចតេជោ ថាប៉ាគីស្ថាននឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយតំបន់ រួមទាំងកម្ពុជា ដោយសង្កេតឃើញអំពីកាលានុវត្តភាពជាច្រើនរវាងប្រទេសទាំងពីរ និងផលបច្ច័យសេដ្ឋកិច្ចរបស់តំបន់ ដែលកើតចេញពីគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។ នៅក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកបន្ថែមថា ប៉ាគីស្ថាននឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរជនប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដោយកម្ពុជា និងប៉ាគីស្ថាន ទទួលបានរបបអនុគ្រោះពន្ធ (GSP) នោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា កម្ពុជា និងប៉ាគីស្ថាន គួរប្រើប្រាស់ឱ្យអស់លទ្ធភាពនូវរបបអនុគ្រោះពន្ធនេះ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពស្រដៀងគ្នានៃសេដ្ឋកិច្ចប៉ាគីស្ថាន និងកម្ពុជា ដូចជាការអភិវឌ្ឍលើវិស័យកសិកម្ម វាយនភ័ណ្ឌ និងកាត់ដេរស្បែកជើងជាដើម។ នៅក្នុងបរបិទដូចគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន និងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាននៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេស និងតំបន់នានា។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ចំពោះការលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីសំខាន់របស់ សម្តេច ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចបានផ្តល់អនុសាសន៍ថា កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើកកម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។ នៅក្នុងបរិបទេនេះ សម្តេច បានសម្តែងនូវក្តីសង្ឃឹមថា គណៈកម្មាធិការពាណិជ្ជកម្មចម្រុះនៃប្រទេសទាំងពីរនឹងពិភាក្សាគ្នាពិនិត្យលទ្ធភាពជ្រើសរើសយកវិស័យណាដែលប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបាន ដើម្បីឱ្យស័ក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។ សម្តេច បានបន្ថែមថា នៅពេលខាងមុខ គណៈកម្មាធិការចម្រុះ គួរធ្វើការពិនិត្យលើ កិច្ចព្រមព្រៀងស្តីពីការគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតស៊ីគ្នាជាដើម…ដើម្បីជំរុញការវិនិយោគទ្វេភាគី និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរទៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក បន្ថែមទៀត។
ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងដើម្បីជាការគិតគូរពិចារណាផងដែរអំពីភាពប្រហាក់ប្រហែលគ្នា ឬលក្ខណៈស្រដៀងគ្នានៃសេដ្ឋកិច្ចរបស់កម្ពុជា-ប៉ាគីស្ថាន ដែលភាគីទាំងពីរត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជា-ប៉ាគីស្ថាន មានលក្ខណៈបំពេញបន្ថែមឱ្យគ្នា ជាជាងការប្រកួតប្រជែងគ្នា ដើម្បីចៀសវាងនូវការប៉ះពាល់ទៅលើផលប្រយោជន៍នៃប្រទេសទាំងពីរ។
ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីការវិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីការខិតខំពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា តបទៅនឹងរបត់នយោបាយសេដ្ឋកិច្ចរបស់ប្រទេសធំៗ និងស្ថានភាពនៃរបបអនុគ្រោះពន្ធផងដែរ។ សម្តេចតេជោ

ក៏បានជម្រាបជូនអំពីប្រវត្តិសាស្រ្ត និងការកសាង និងថែរក្សាសន្តិភាព និងស្ថិរភាពកម្ពុជារយៈពេលវែង និងមូលដ្ឋាននៃការផ្ទេរអំណាចរបស់សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី។ សម្តេច ក៏បានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំជំនាន់ថ្មីទាំងនោះ ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិ។ សម្តេចតេជោ បានលើកឡើងផងដែរអំពីស្ថានភាពគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិនានា ដូចជាគោលនយោបាយរបស់សហរដ្ឋអាមេរិក តាមរយៈការឡើងកាន់តំណែងសាជាថ្មីរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងការវិវត្តរបស់ក្រុមប្រទេស BRICSជាដើម។

នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរ ឯកឧត្តម Jam Kamal Khan និងគណៈប្រតិភូ ទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ច និង ភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version