(ភ្នំពេញ)៖ ក្រុមការងារត្រួតពិនិត្យ និងតាមដានរបស់អង្គការ WWF-កម្ពុជា បានប្រទះឃើញកូនក្រពើភ្នំ៣ក្បាល នៅទន្លេស្រែពក ក្នុងអំឡុងពេលនៃដំណើរចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក និងនៅតាមដងទន្លេនេះ។
អង្គការ WWF-កម្ពុជាបានប្រកាសឱ្យដឹងនៅរាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥លើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា ជាមួយរូបភាពក្រុមការងារយើង បាន ប្រទះឃើញកូនក្រពើភ្នំចំនួនបីក្បាល ដែលនេះជាការរកឃើញដ៏កម្រនៃប្រភេទសត្វល្មូន ដែលជិតផុតពូជ។ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់ យើងប៉ាន់ស្មានថា ក្រពើទាំងនេះមានអាយុពី ៥ ទៅ ៦ ខែ។
ប្រភពដដែលបន្តថា តំបន់នេះក៏ធ្លាប់ជាកន្លែងដែលក្រុមការងារត្រួតពិនិត្យ និងតាមដានរបស់អង្គការ WWF-កម្ពុជាធ្លាប់ប្រទះឃើញពួកវាកាលពីឆ្នាំមុន ហើយកិច្ចការស្រាវ នេះប្រព្រឹត្តទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ របស់យើងជាខ្លាំងក្នុងកិច្ចការល្បាត ព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។
WWF-កម្ពុជាបន្ថែមថា តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះអាចសម្រេចទៅបានក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ ។
សូមជម្រាបថា តាមអ្នកជំនាញពន្យល់ថា ក្រពើភ្នំបានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ។
នៅកម្ពុជាឧទ្យានជាតិជួរភ្នំក្រវាញក៏ជាទីជម្រកធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់ការរស់នៅរបស់ប្រភេទសត្វដ៏កម្រនេះ។
ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។
សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១ ០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាត្រូវបានគេចាត់ទុកថាមានវត្តមានសត្វក្រពើភ្នំច្រើនជាងគេប្រមាណជាង ៣០០ក្បាល៕