កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ ខែមករា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកចង់ជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយក៏បានបង្ហាញពីបំណងចង់ធ្វើការឆ្ពោះទៅរកការកាត់បន្ថយអាវុធនុយក្លេអ៊ែរផងដែរ។
ប្រភពពីសារព័ត៌មាន Reuters។
ទាំងមុន និងក្រោយឡើងកាន់តំណែងជាប្រធានាធិបតី លោក ត្រាំ បានប្រកាសជាច្រើនលើកថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែនដោយប្រើពេលត្រឹមតែមួយថ្ងៃ។ ប៉ុន្តែក្រុមមន្ត្រីទីប្រឹក្សារបស់លោក ត្រាំ បានទទួលស្គាល់ថា ការបិទបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន នឹងត្រូវចំណាយពេលច្រើនខែ។ «ខ្ញុំពិតជាចង់ជួបលោកប្រធានាធិបតី ពូទីន ឱ្យបានឆាប់ ដើម្បីបិទបញ្ចប់សង្រ្គាម»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum ក្នុងទីក្រុង Davos ប្រទេសស្វីស តាមរយៈវីដេអូខុនហ្វេរិន។ ប៉ុន្មានម៉ោងក្រោយមក ក្នុងថ្ងៃដដែល លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបិទបញ្ចប់សង្គ្រាម៕