លោក ប៊ុន ផេង ចុះពិនិត្យការបូមទឹកដើម្បីជួយសង្គ្រោះស្រូវប្រាំង ១៧២ហិកតា នៅស្រុកកណ្ដាលស្ទឹង!

(កណ្តាល)៖ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរស្រុកកណ្តាលស្ទឹង ។

ចុះពិនិត្យការងារបូមទឹក ដើម្បីជួយសង្គ្រោះការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន១៧២ហិកតា នៅភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ដែលកំពុងខ្វះទឹកធ្វើស្រែប្រាំង។
ក្នុងនោះលោកអភិបាលរងខេត្ត បានណែនាំឱ្យមន្ទីរធនធានទឹក ត្រូវពិនិត្យ សិក្សារកប្រភពទឹក ដើម្បីបូមដាក់បង្ហូរតាមប្រឡាយ ជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកធ្វើស្រែប្រាំង ដោយជាក់ស្ដែងមន្ទីរបានធ្វើការបូមទឹក ពីស្ទឹងតូច ដាក់បង្ហូរចូលតាមប្រឡាយរបស់បងប្អូនដែលរស់នៅពឹងផ្អែកលើការធ្វើស្រែចម្ការ។

លោក ប៊ុន ផេង បានធ្វើការលើកទឹកចិត្តដល់ អាជ្ញាធរស្រុក-ឃុំ ត្រូវការបែងចែកកម្លាំងប្រចាំការ ក្នុងការថែទាំមើលការខុសត្រូវក្នុងការបញ្ចះម៉ាស៊ីនបូមទឹក សំដៅធ្វើយ៉ាងណាឱ្យការបូមទឹកជួយសង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើការដាំដុះស្រូវប្រាំងទៅតាមបរិមាណទឹកដែលមានជាក់ស្តែង ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលធ្វើឲ្យមានការខាតបង់។

បន្ថែមពីលើនេះ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ត្រីជំនាញ ពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាប្រឈមក្នុងការធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋ ត្រូវចុះសិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍បន្ថែមទៀត ត្រូវខិតខំបូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក មិនត្រូវបណ្ដែតបណ្ដោយទុកឲ្យស្រែចំការរបស់ប្រជាកសិករខូចខាត ដោយសារតែយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version