Update៖ ថៃ រំពឹងទុកថាគម្រោងផ្លូវដែកល្បឿនលឿនដែលតភ្ជាប់ទៅប្រទេសចិននឹងសាងសង់រួចរាល់នៅឆ្នាំ២០៣០!

ប្រទេសថៃរំពឹងថានឹងបញ្ចប់បណ្តាញផ្លូវដែកល្បឿនលឿនដំបូងរបស់ខ្លួនដែលតភ្ជាប់ប្រទេសនេះទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវនៅឆ្នាំ២០៣០។ គម្រោងដែលបានពន្យាពេលជាយូរនេះត្រូវបានមន្ត្រីថៃចាត់ទុកថាជាគម្រោងគន្លឹះក្នុងការបន្តទំនាក់ទំនងទ្វេភាគីនិងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ។

ប្រភពពីព័ត៌មាន Bloomberg News។

លោក Jirayu Houngsub អ្នកនាំពាក្យរដ្ឋាភិបាលថៃត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា ការសាងសង់ដំណាក់កាលទីមួយតភ្ជាប់ទីក្រុងបាងកក និងខេត្តនគររាជសីមា បច្ចុប្បន្នសម្រេចបានប្រហែល ៣៦% ហើយ។ លោកបានមានប្រសាសន៍ថា ការរចនាសម្រាប់ដំណាក់កាលទីពីរ ដែលនឹងពង្រីកផ្លូវរថភ្លើងទៅកាន់ខេត្តណងខៃស្ថិតនៅព្រំដែនភាគឦសាន ត្រូវបានបញ្ចប់រួចរាល់ហើយដើម្បីដាក់ជូនគណៈរដ្ឋមន្ត្រីថៃអនុម័ត។
សរុបមក ផ្លូវដែកនេះមានប្រវែង ៦០៩គីឡូម៉ែត្រ (៣៧៨ម៉ាយល៍) ហើយត្រូវបានប៉ាន់ស្មានថាមានតម្លៃ ៤៣៤ពាន់លានបាត (១២,៩ពាន់លានដុល្លារ)។ បណ្តាញផ្លូវដែកថៃនឹងត្រូវតភ្ជាប់ទៅខ្សែផ្លូវដែកឡាវ-ចិនតាមរយៈស្ពានឆ្លងកាត់ទន្លេមេគង្គ។
ប្រទេសថៃកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់របស់ខ្លួនជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងព្យាយាមសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចដើម្បីតាមឱ្យទាន់ប្រទេសជាដៃគូក្នុងតំបន់របស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version