ក្រសួងបរិស្ថាន ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលថា ភ្លើងឆេះព្រៃផ្ដើមចេញពីកម្ពុជា!

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១២.០២.២០២៥ បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រសារព័ត៌មាន www.nationthailand.com របស់ ប្រទេសថៃ បានចុះផ្សាយថា “ភ្លើងឆេះព្រៃនៅកម្ពុជា ចេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ។

ករណីនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ រួមនិងក្រសួងបរិស្ថាន បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយខាងលើនេះ។
ដោយថា រូបភាពដែលសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនៅ ប្រទេសថៃទេ។

ក្នុងនោះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អះអាងថានៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅ អំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយ របស់សារព័ត៌មានខាងលើនោះឡើយ។

ចំពោះករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់ វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំ មានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ។
ការឆេះព្រៃនៅភ្នំ Banthat ខេត្ត ត្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជា ដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ ខ្ពស់ចំពោះករណីភ្លើងឆេះព្រៃ និងមិនបណ្តែតបណ្តោយឱ្យមានករណីនេះរាលដាលរហូតបង្ករគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាដាច់ខាត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version