ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសបើកកម្មវិធីសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥!

(ភ្នំពេញ)៖ នៅព្រឹកទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥។

ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សប្តាហ៍គាំពារសង្គមកម្ពុជា គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។
វេទិកានេះ បង្កើតឱ្យមានជាកិច្ចសន្ទនា, ការផ្លាស់ប្ដូរមតិ ចំណេះដឹង និងឧត្តមានុវត្តន៍​អន្តរ​ជាតិរវាងភាគីពាក់ព័ន្ធ។ ជាពិសេសផ្តល់នូវព័ត៌មានជូនសាធារណជន ក៏ដូចជាអ្នកទទួលផលឱ្យបានជ្រាបអំពីអត្ថប្រយោជន៍ ដែលពលរដ្ឋត្រូវទទួលបានពីប្រព័ន្ធគាំពារ​សង្គមកម្ពុជា។

សម្តេចធិបតី ជំរុញលើកទឹកចិត្តក្រុមប្រឹក្សាជាតិគាំពារសង្គម ឱ្យបន្ដរៀបចំសប្តាហ៍គាំពារសង្គមកម្ពុជា នៅឆ្នាំបន្តបន្ទាប់ទៀត ដោយបង្កើតឱ្យមាន​កិច្ចពិភាក្សា និងការផ្សព្វផ្សាយអំពីប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យបានកាន់តែទូលំ​ទូលាយរហូតអាចដល់កម្រិតតំបន់ថែមទៀត ហើយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់​កិច្ច​សហការខ្ពស់ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលនយោបាយអាទិភាពទាំង៣ ដែល​ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចធិបតី បានមានប្រសាសន៍ថា អាទិភាពគោល​នយោបាយ​ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់នីតិកាល គឺការរក្សា​ឱ្យខាងតែបាន​នូវ​សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាបុរេលក្ខខណ្ឌសម្រាប់​កំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ជាក់ស្ដែង, កម្ពុជា បាននិងកំពុងទទួល​ផ្លែ​ផ្កាពីសុខសន្តិភាព, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​ដែលធ្វើឱ្យកម្ពុជា​រក្សាបាន​នូវកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ប្រមាណ ៦ភាគរយ ក្នុងរយៈពេលជាង​មួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាកម្ពុជាបានរងកម្មវិបាកអវិជ្ជមានពី វិបត្តិនៃជំងឺ​កូវីដ-១៩ និងវិបត្តិផ្សេងទៀត នាពេលកន្លងទៅក៏ដោយ។
ការរក្សាបាននូវ កំណើនក្នុងកម្រិតនេះ បានប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥មក។

សម្តេចធិបតី បានថ្លែងថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ត្រូវ​បាន​បែងចែកប្រកបដោយសមធម៌ តាមរយៈការវិនិយោគលើវិស័យសុខាភិបាល, វិស័យអប់រំ និងជាពិសេសលើប្រព័ន្ធគាំពារសង្គម ដោយរាជរដ្ឋាភិបាល ទទួលស្គាល់ថា ការវិនិយោគនេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមមួយ ប្រកបដោយ​សម​ធម៌, ភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ បានកើនឡើងជិត៩ដង, ពីប្រមាណ ៣១០ ដុល្លារ​អាម៉េរិក ក្នុងឆ្នាំ២០០០, រហូតដល់ប្រមាណ ២,៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ​២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្របានធ្លាក់ចុះជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។

សម្តេចធិបតី បានថ្លែងថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច, សុខសន្តិ​ភាពពេញបរិបូរណ៍, និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់​មិនអាចខ្វះ​បាន ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាការអនុវត្តនូវការងារកែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការដាក់ឱ្យអនុវត្តក្របខណ្ឌ​គោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បាន បោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទី​មោទនៈ។ សមិទ្ធផលទាំងនេះ ជាទឡ្ហីករណ៍ជាក់ស្ដែងនៃកិច្ចខិតខំក្នុង​គ្រប់កាលៈ​ទេសៈរបស់រាជរដ្ឋាភិបាលបណ្ដានីតិកាលកន្លងទៅ នៃរដ្ឋសភា ក៏ដូចជាបង្ហាញពីលទ្ធ​ផល​យ៉ាងច្បាស់លាស់ នៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ដែលរាជរដ្ឋាភិ​បាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ។

សម្តេចធិបតី បានថ្លែងថា កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ត្រូវបានកំណត់ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖

កម្មវិធីគោលនយោបាយអាទិភាពទី១៖ ការផ្តល់ការថែទាំសុខភាពឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកល។

កម្មវិធីគោលនយោបាយអាទិភាពទី២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដែលនេះជា កម្មវីធីជាតិជំនួយសង្គមមួយ។

កម្មវិធីគោលនយោបាយអាទិភាពទី៣៖ ការធ្វើស្ថាប័នូបនីយកម្មកម្មវិធី​ជាតិជំនួយ​សង្គម​សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន ។

រាជរដ្ឋាភិបាលកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាក់ពលរដ្ឋកម្ពុជាទាំងអស់សារជាថ្មីថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ប្តេជ្ញាបន្តកំណត់យកការលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយ ភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតី

មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយខ្ញុំនៅតែបន្តប្តូរផ្តាច់ដឹកនាំ នាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខយ៉ាង ស្វាហាប់ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេចធិបតី មានប្រសាសន៍ថាដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាល បានរៀបចំ និងដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលមានចក្ខុវិស័យ​រយៈពេលវែង ក្នុងការផ្ដល់ការគាំពារដល់ពលរដ្ឋគ្រប់រូប ទល់នឹងអសន្តិសុខ ប្រាក់ចំណូល ក្នុងពេលប្រឈមនឹងហានិភ័យនានា ក្នុងដំណាក់កាលនីមួយៗនៃវដ្ដជីវិត សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាព, កាត់បន្ថយភាពក្រីក្រ, វិសមភាពយេនឌ័រ និងវិសមភាពសង្គម ព្រមទាំងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ក្នុងសង្គម។

ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍ ចំពោះករណីដែលគ្រូពេទ្យរូបណាដែល មិនយកចិត្តទុកដាក់ នៅពេលប្រើប្រាស់បណ្ណណាមួយខាងលើ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល។

សម្តេចធិបតី ណែនាំដល់មូលនិធិជាតិជំនួយសង្គម ដែលជាប្រតិបត្តិករទោលក្នុងប្រព័ន្ធជំនួយសង្គម ត្រូវពង្រឹងយន្តការនៃការបើកផ្តល់អត្ថប្រយោជន៍​គាំពារសង្គម ដល់អ្នកទទួលផល និងត្រូវដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ឱ្យបានទាន់ពេល ព្រមទាំងពង្រីកការផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យសាធារណជន, ជាពិសេសពលរដ្ឋគោលដៅ បានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃកម្មវិធីជាតិ​ជំនួយសង្គមរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី បានថ្លែងថា ក្រសួងផែនការ និងក្រសួងមហាផ្ទៃ, តាមរយៈរដ្ឋបាលរាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់, ត្រូវធានាថា ការកំណត់​អត្តសញ្ញាណត្រូវបាន ធ្វើឡើងចំគោលដៅ និងប្រកបដោយសុក្រឹតភាព ព្រមទាំង​ត្រូវពន្លឿនការធ្វើ បច្ចុប្បន្នភាព និងការកំណត់អត្តសញ្ញាណពលរដ្ឋគោលដៅឱ្យបានជាប្រចាំ ដើម្បីចៀសវាងនូវការខកខាន ក្នុងការទទួលបានអត្ថប្រយោជន៍​គាំពារ​សង្គម ដោយសារបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យរបស់ពួកគាត់ មិនត្រូវ បានផ្ដល់ជូន ឬ ផុតសុពលភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version