(ភ្នំពេញ)៖ បុរសម្នាក់ជាមន្ត្រីនគរបាល បានបេីករថយន្តឡិចស៊ីស RX330មួយគ្រឿង និងមានអ្នករួមដំណេីរ៤នាក់ជាលក្ខណៈគ្រួសារ បានធ្លាក់ពីលេីស្ពានចុះទៅក្រោម បណ្ដាលឲ្យរថយន្តក្រឡាប់ និងធ្វើឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្ស០៤នាក់ទៀតរងរបួស។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងជាង ១១យប់ ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចស្ពានបាក់ផ្លូវជាតិលេខ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ លី ឡាំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត) ។
ដោយឡែកអ្នករួមដំណើរមានមនស្ស០៤នាក់ ៖ ទី០១ឈ្មោះ ឈុន ហ្គួចទៀង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិកណ្តាល សង្កាត់ជេីងឯក ខណ្ឌដង្កោ (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត) ។ ទី០២ឈ្មោះ លី ហ្គួចជូ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជេីងឯក ខណ្ឌដង្កោ (ស្លាប់នៅកន្លែងកើតហេតុ) ។ ទី០៣ឈ្មោះ លី ជីងជីង ភេទស្រី អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជេីងឯក ខណ្ឌដង្កោ (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធ:បុប្ផា) ។ និងទី០៤ឈ្មោះ លី សុប៉ុង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជេីងឯក ខណ្ឌដង្កោ (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធ:បុប្ផា)។
តាមប្រភពដដែលបានបន្តថា មុនពេលកេីតហេតុ គេបានឃើញរថយន្តម៉ាកឡិចស៊ីស RX 330 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AU -8503 ជិះជាលក្ខណៈគ្រួសារមានគ្នា៥នាក់ ប្តីប្រពន្ធ និងកូនប្រុសស្រី ៣នាក់ ដោយបុរសជាឪពុកដែលគេស្គាល់ថាជាមន្ត្រីនគរបាល បានធ្វេីដំណើរតាមបណ្តោយ ផ្លូវជាតិលេខ២ទិសដៅពីកេីតទៅលិច ក្នុង ល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុ ដោយគេសង្ស័យថាអ្នកបើកងងុយដេកងោកមួយភាំងទើបធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ពីលើផ្លូវចូលចំហៀងស្ពាន បណ្តាលឲ្យដាំក្បាលក្រឡាប់ធ្លាក់ចូលប្រឡាយក្រោមស្ពានដែលអត់មានទឹករងការខូចខាតរថយន្តយ៉ាងដំណំ ព្រមទាំងធ្វើឲ្យខ្ទាតមនុស្សចេញពីរថយន្ដរប៉ាត់រប៉ាយ បណ្ដាលឲ្យក្មេងស្រីម្នាក់ ត្រូវជាកូនទី២បានស្លាប់នៅក្រោមស្ពានយ៉ាងរន្ធត់។រីឯឪពុកម្ដាយ និងកូនប្រុសស្រី សរុប៤នាក់រងរបួសធ្ងន់ត្រូវបានដឹកតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកដង្កោ យក ទៅសង្គ្រោះបន្ទាន់ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញផ្នែកចរាចរណ៍ខណ្ឌ បានចុះទៅកន្លែងកើតហេតុដើម្បីសាកសួរពីដំណើររឿង និងបានទាក់ទងទៅសាច់ញាតិគ្រួសារជនរងគ្រោះឲ្យមកកន្លែងកេីតហេតុ។
ហើយសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យ។ដោយឡែកមធ្យោបាយដែលរងការខូចខាត ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងស្ទូចយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះនាពេលក្រោយ៕