សម្ដេចធិបតី អញ្ជើញចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South-East Asia ខេត្តសៀមរាប!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia ដែលមានអ្នកចូលរួមប្រមាណ៥.០០០នាក់ នៅសណ្ឋាគារសុខា សៀមរាប។

របាយការណ៍សង្ខេបស្ដីពីការបណ្ដុះបណ្ដាលរបស់ លោកបណ្ឌិត សៀន សុវណ្ណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ​ Southwest Asia បានឲ្យដឹងថា ដើម្បីលើកកម្ពស់គុណភាពអប់រំ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សាកលវិទ្យាល័យ Southwest Asia បានរៀបចំចក្ខុវិស័យ បេសកកម្ម ផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីបណ្ដុះបណ្ដាលកម្មវិធីអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ប្រកបដោយគុណភាពមាន ឥរិយាបថល្អ ឆ្លើយតបទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ សំដៅចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

លោកបន្ដថា សាកលវិទ្យាល័យ Southwest Asia មានក្រុមប្រឹក្សាភិបាល បុគ្គលិក គ្រូបង្រៀន សរុបចំនួន ៣៥៩នាក់ (នារី៨៤នាក់) និងនិស្សិតកំពុងសិក្សាសរុបចំនួន៥,៣២៧នាក់ (នារី ៣,២៩៨នាក់)។
ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់គណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀន ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពរបស់សាកលវិទ្យាល័យ Southwest Asia នាំឲ្យសាកលវិទ្យាល័យមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាបមានការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ព្រមទាំងមានការទទួលស្គាល់ពីស្ថាប័នជាតិ អន្តរជាតិ និងទទួលបានសមិទ្ធផលចម្បងៗ ដូចខាងក្រោម៖

ទី១៖ ទទួលបានការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា (ACC)។
២៖ សមាជិក នៃស្ថាប័នធានាគុណភាព នៃបណ្ដាញសាកលវិទ្យាល័យអាស៊ាន (AUN-QA)។

៣៖ កិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការ UNICEF អង្គការមូលនិធិអាស៊ី ដើម្បីបង្កើតមណ្ឌលព័ត៌មានសាធារណៈ។

៤៖ កិច្ចសហប្រតិបត្តិការជាមួយស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ដើម្បីបង្កើតបណ្ណាល័យអាមេរិក។

៥៖ កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ដូចជាប្រទេសអង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ស៊ុយអែត ជប៉ុន កូរ៉េ ចិន ថៃ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរនិស្សិតសិក្សា ចុះកម្មសិក្សា ផ្លាស់ប្តូរវប្បធម៌ អភិវឌ្ឍ កម្មវិធីអប់រំបណ្តុះបណ្តាលកម្មវិធីឆ្លងដែន (Cross-Border Programs) និងស្រាវជ្រាវរួមគ្នាជាដើម។

៦៖ ការទទួលស្គាល់ និងគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន នៃប្រទេសកម្ពុជាដែលមាននិស្សិតចុះឈ្មោះចូលរៀនប្រមាណ២,០០០នាក់ នៃឆ្នាំសិក្សានីមួយៗ។

៧៖ ការទទួលស្គាល់ និងគាំទ្រពីទីផ្សារការងាររួមមាន៖ ស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ តាមរយៈនិស្សិតកំពុងសិក្សា និងបញ្ចប់ការ សិក្សា ទទួលបានការងារធ្វើជាអតិបរមា។

៨៖ មានគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យ Southwest Asia កម្រិតស្តង់ដាអន្តរជាតិ ដែលសាកលវិទ្យាល័យមានផ្ទៃដី ប្រមាណ៤០ហិកតា ស្ថិតនៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប សម្រាប់ពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យ southwest Asia រួចរាល់ហើយ។

រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ បន្តការពារ និងថែរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា ឲ្យស្ថិតស្ថេរជានិរន្តរ៍ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកខ្ពស់លើវិស័យទេសចរណ៍ ដែលនាំឲ្យភ្ញៀវទេសចរបរទេស មានចំនួនកើនឡើងជាង២៨% នៅឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version